(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានទទូចឲ្យចិនក៏ដូចជារុស្ស៊ី ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ជាការឆ្លើយតបចំពោះការធ្វើតេស្តមីស៊ីលផ្លោង ICBM ដោយជោគជ័យលើកទីពីរ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ខាងលើ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តជាលើកទីពីរនៃ ការបាញ់មីស៊ីលផ្លោងជាលើកទីពីរ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ លោក Tillerson បានថ្លែងថា «ក្នុងនាមជាប្រភពហិរញ្ញវត្ថុដ៏ធំចម្បង នៃកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ប្រទេសចិន និងរុស្ស៊ីមានតួនាទីទទួលបន្ទុកជាពិសេស សម្រាប់ការគំរាមកំហែង ដែលកំពុងតែរីកដុះដាលឡើង កាន់តែធំមហិមាពីមួយថ្ងៃទីមួយថ្ងៃនេះ ចំពោះស្ថិរភាពតំបន់ក៏ដូចជាសាកលលោកទាំងមូល»។
គួរបញ្ជាក់ថា ចិនទទួលបន្ទុកប្រមាណ ៩០ភាគរយនៃការធ្វើពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងជើង ដែលប្រការនេះបានផ្តល់ឲ្យទីក្រុងប៉េកាំង នូវឥទ្ធិពលដ៏សម្បើមមួយ ចំពោះរបបដឹកនាំទីក្រុងព្យុងយ៉ាង។ ទោះជាបែបនេះក្តី ចិនតែងតែមានភាពស្ទាក់ស្ទើរ ក្នុងការដាក់សម្ពាធខ្លាំងៗ និងចាត់វិធានការធ្ងន់ៗ ទៅលើរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ ដោយសារតែបារម្ភថា វាអាចបង្កអស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ ដោយឡែករុស្ស៊ីវិញ ក៏ជាដៃគូពាណិជកម្ម មិនធម្មតារបស់កូរ៉េខាងជើងផងដែរ៕