(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃសៅរ៍នេះបានសម្រេចដាក់ចេញនូវសំណើស្តីពីវិធានការតបតធ្ងន់ៗមួយចំនួន ដើម្បីប្រឆាំងនឹងការធ្វើតេស្តមីស៊ីលផ្លោងទាំងកណ្តាលយប់ម្សិលមិញ របស់កូរ៉េខាងជើង ហើយក្នុងនោះក៏រួមមានទាំងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD ឲ្យកាន់តែច្រើនថែមទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងអំឡុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្គាប់ឲ្យមានការពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តស្តីពីវិធីសាស្រ្ត ដើម្បីបង្កើនសមត្ថភាពទប់ទល់យុទ្ធសាស្រ្ត ប្រឆាំងប្រទេសកូរ៉េខាងជើង។ វិធានការទាំងនោះ នឹងរួមមានការបង្ហាញអនុភាពរួមគ្នានៃសម្ព័ន្ធមិត្តទាំងពីរ ដូចជាការធ្វើសមយុទ្ធបាញ់មីស៊ីលផ្លោង និងសំណើជាបន្ទាន់ ឲ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាពីទណ្ឌកម្មបន្ថែម។
ជុំវិញការដាក់ពង្រាយប្រព័ន្ធ THAAD វិញ មន្រ្តីជំនិតប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា លោក មូន ចង់សំដៅទៅលើការដាក់ពង្រាយជាបណ្តោះអាសន្ននៃប្រព័ន្ធ THAAD បន្ថែមចំនួនបួនគ្រឿងទៀត ហើយការវាយតម្លៃស្ទាបស្ទង់ផលប៉ះពាល់លើបរិស្ថាន ទៅលើទីតាំងដែលនឹងត្រូវដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់នេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។
គួរបញ្ជាក់ថា សព្វថ្ងៃនេះប្រព័ន្ធ THAAD ចំនួនពីរគ្រឿងកំពុងតែដំណើរការ នៅលើអតីតទីលានវាយកូនហ្គោល ក្នុងស្រុក Seongju ប្រមាណ ៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីរដ្ឋធានីសេអ៊ូល ខណៈបួនផ្សេងទៀត ត្រូវបានរក្សាទុកនៅឯមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ដែលស្ថិតនៅក្បែរខាង។ បើតាមសហរដ្ឋអាមេរិក ប្រព័ន្ធ THAAD គឺជាធាតុផ្សំចម្បងដ៏សំខាន់បំផុត ក្នុងការទប់ទល់ជាមួយការគំរាមកំហែង ដែលកំពុងកើនឡើងឥតឈប់ឈរ នៃមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕