(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសកូរ៉េខាងជើង ដែលធ្វើតេស្តបាញ់គ្រាប់មីស៊ីល Hwasong-14 ដូចកាលពីលើកមុន ដែលវាត្រូវបានចាត់ទុកជាការរំលោភបំពានខ្លាំងបន្ថែមទៀត ទៅនឹងទណ្ឌកម្មរបស់អន្តរជាតិ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏បានចេញមុខថ្កោលទោសធ្ងន់ៗលើកូរ៉េខាងជើងដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo បានអះអាងថា ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ពិតជាការបង្កនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ស្ថិរភាពរបស់ឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក។ ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបក្នុងពេលឆាប់ៗនេះ តាមរយៈការបញ្ជូននាវាដឹកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកមកកាន់ឧបទ្វីបកូរ៉េ ដើម្បីទប់ទល់ការបង្កហេតុនានារបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា បានបាញ់សាកល្បងមីស៊ីល Hwasong-14 កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រោមការបង្គាប់បញ្ជាពីសំណាក់ ប្រមុខដឹកនាំកំពូលផុតលេខរបស់ខ្លួន គឺលោក គីម ជុនអ៊ុន។ មីស៊ីលនេះ រត់បានចម្ងាយ៩៩៨គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណ៤៧នាទី ហើយធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន ក្រោយពីវាបានឡើងដល់កម្ពស់ជាអតិបរមា៣,៧២៤.៩គីឡូម៉ែត្រ។
KCNA បានបន្តថា «ការតេស្តថ្មីចុងក្រោយបំផុតនេះ បានស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ ពីភាពគួរឲ្យទុកចិត្តបាននៃមីស៊ីលផ្លោងឆ្លងទ្វីបរបស់យើង រួមទាំងសមត្ថភាពនៃការបាញ់បង្ហោះវា ក្នុងស្ថានភាពដែលនឹងបង្កភាពភ្ញាក់ផ្អើលគ្មានការដឹងទុកជាមុន នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់។ ជាងនេះទៅទៀត មេដឹកនាំរបស់យើង បានលើកឡើងថា សហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងរយៈចម្ងាយនៃការវាយប្រហាររបស់ពួកយើង»៕