(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់លើ សេចក្តីព្រាងស្តីពីការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយលោកគ្រោងនឹងចុះហត្ថលេខាទទួលស្គាល់វាផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រូបលោកទំនងជានឹងវ៉េតូសេចក្តីព្រាងនេះ ដែលនឹងដាក់កំហិតលើលោកប្រធានាធិបតី មិនឲ្យបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងម៉ូស្គូដោយឯករាជ្យបាន។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន ដកស្រង់ដោយស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា «លោក ដូណាល់ ត្រាំ ធ្លាប់បានអាន Version មុននៃសេចក្តីព្រាងនេះ និងបានស្នើឲ្យមានការកែសម្រួលចំណុចខ្លះ ហើយដោយផ្អែកទៅលើការឆ្លើយតបយ៉ាងពេញលេញ ចំពោះការសំណើចរចារបស់លោក លោកប្រធានាធិបតីផ្តល់ការអនុញ្ញាតចំពោះសេចក្តីព្រាងនេះ ហើយមានបំណងនឹងចុះហត្ថលេខា ដើម្បីឲ្យវាក្លាយជាច្បាប់ជាធរមានថែមទៀតផង»។
សេចក្តីព្រាងខាងលើ ដែលត្រូវបានបញ្ជូនទៅកាន់សេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីទទួលបានការអនុម័តគាំទ្រយ៉ាងពេញទំហឹង ពីសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិកនោះ នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី ហើយទន្ទឹមនឹងនេះ វាក៏នឹងដាក់កំហិតទៅលើសមត្ថភាពក៏ដូចជាអំណាចរបស់លោក ត្រាំ ក្នុងការបន្ធូរបន្ថយ ឬដកទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងម៉ូស្គូ ចេញវិញដោយឯករាជ្យផងដែរ។ គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ក៏នឹងត្រូវទទួលទណ្ឌកម្មពីសេចក្តីព្រាងនេះដូចគ្នា៕