(សេអ៊ូល)៖ កូរ៉េខាងជើង នាថ្ងៃសៅរ៍នេះ បានចេញមុខប្រកាសជោគជ័យ អំពីការធ្វើបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM មួយគ្រាប់ផ្សេងទៀត បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ ទើបតែបានធ្វើតេស្តមីស៊ីលប្រភេទនេះហើយថ្មីៗ កាលពីដើមខែកក្កដានេះ ហើយបានអះអាងថាសហរដ្ឋអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់ខ្លួនថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រទេសដ៏ឯកោមួយនេះ បានបាញ់សាកល្បងមីស៊ីល Hwasong-14 កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រោមការបង្គាប់បញ្ជាពីសំណាក់ ប្រមុខដឹកនាំកំពូលផុតលេខរបស់ខ្លួន គឺលោក គីម ជុនអ៊ុន។ មីស៊ីលនេះ រត់បានចម្ងាយ៩៩៨គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណ៤៧នាទី ហើយធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន ក្រោយពីវាបានឡើងដល់កម្ពស់ជាអតិបរមា៣,៧២៤.៩គីឡូម៉ែត្រ។
KCNA បានបន្តថា «ការតេស្តថ្មីចុងក្រោយបំផុតនេះ បានស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ ពីភាពគួរឲ្យទុកចិត្តបាននៃមីស៊ីលផ្លោងឆ្លងទ្វីបរបស់យើង រួមទាំងសមត្ថភាពនៃការបាញ់បង្ហោះវា ក្នុងស្ថានភាពដែលនឹងបង្កភាពភ្ញាក់ផ្អើលគ្មានការដឹងទុកជាមុន នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទាំងអស់។ ជាងនេះទៅទៀត មេដឹកនាំរបស់យើង បានលើកឡើងថា សហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងរយៈចម្ងាយនៃការវាយប្រហាររបស់ពួកយើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ទីក្រុងព្យុងយ៉ាង ទើបតែបានប្រកាសអំពីជោគជ័យនៃការធ្វើតេស្តបាញ់សាកល្បង មីស៊ីលផ្លោងចំនួនមួយគ្រាប់ ដែលជាប្រភេទឆ្លងទ្វីប ICBM ហើយប៉ុណ្ណោះ និងបានអួតថាវាអាចវាយប្រហារទៅដល់គ្រប់គោលដៅ ជុំវិញពិភពលោកថែមទៀតផង៕