(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃសុក្រនេះ បានបង្គាប់ឱ្យសហរដ្ឋអាមេរិកកាត់បន្ថយ ចំនួនបុគ្គលិកទូតរបស់ខ្លួនប្រចាំទីក្រុងម៉ូស្គូ ឱ្យបានមុនថ្ងៃទី០១ ខែកញ្ញា ហើយថែមទំាងនិយាយថា ខ្លួនបាននិងកំពុងរឹបអូសអគារ ឬឃ្លាំ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនដែលប្រើប្រាស់ដោយមន្ត្រីទូតអាមេរិក ជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ការសងសឹករបស់រុស្ស៊ី ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ក្រសួងការបរទេស តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រឹទ្ធសភាអាមេរិកបានអនុម័តលើច្បាប់ដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ក្នុងសំឡេងគាំទ្រ ៩៨ ទល់នឹង ០២សំឡេង ក្រោយសភាអាមេរិកបោះឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣ សំឡេងកាលពីប៉ុន្មានថ្ងៃមុននេះ។ ការអនុម័តលើទណ្ឌកម្មនេះ នឹងបង្កផលលំបាកដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការជ្រើសរើសថា ត្រូវទទួលយកភាពតានតឹងជាមួយរុស្ស៊ី ឬក៏ធ្វើឱ្យគណបក្សសាធារណៈរដ្ឋរបស់លោកផ្ទាល់ ខឹងសម្បារនឹងរូបលោក ដោយការប្រើសិទ្ធិវ៉េតូជំទាស់នឹងច្បាប់នេះ។
ជាងនេះទៅទៀតក្រសួងការបរទេសរុស្ស៊ី ក៏បានព្រមានដែរថា នឹងចាត់វិធានការសងសឹក ដូចដែលសហរដ្ឋអាមេរិកបានធ្វើមកលើខ្លួន ខណៈទីក្រុងម៉ូស្គូ តម្រូវឱ្យសហរដ្ឋអាមេរិកកាត់បន្ថយបុគ្គលិកទូតមកនៅត្រឹម ៤៥៥នាក់ សម្រាប់បំពេញការងារនៅស្ថានទូត និងស្ថានកុងស៊ុលអាមេរិកប្រចាំរុស្ស៊ី។ ដោយឡែកទាក់ទិននឹងច្បាប់ដាក់ទណ្ឌកម្មនេះដែរ កាលពីថ្ងៃពុធ សហភាពអឺរ៉ុប និងបារាំងបានចាត់ទុកថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្ដាក្រុមហ៊ុនអឺរ៉ុប។ ចំណែកឯ អ្នកជំនាញមួយចំនួនយល់ថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាដាក់ទណ្ឌកម្មនេះ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ច និងចង់ដណ្ដើមទីផ្សារជាអ្នកផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី តាមរយៈការបង្ខំ ឱ្យបណ្ដាប្រទេសអឺរ៉ុបងាកមកទិញឧស្ម័ន ឬប្រេងពីខ្លួនវិញ។
គួរបញ្ជាក់ថា មុននឹងចូលជាធរមាន ច្បាប់នេះត្រូវបញ្ជូនទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាជាមុនសិន។ ប៉ុន្តែទន្ទឹមគ្នានឹងការអនុម័តរបស់ព្រឹទ្ធសភា ក៏មានសេចក្ដីរាយការណ៍ដែរថា លោក ត្រាំ អាចនឹងប្រើសិទ្ធិវ៉េតូជំទាស់នឹងច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ ដែលនឹងដាក់កំហិតមួយចំនួនលើលទ្ធភាពរបស់លោក ក្នុងការដកទណ្ឌកម្មពីរុស្ស៊ី៕