(បរទេស)៖ សព្វថ្ងៃនេះមានអាកាសយានដ្ឋានរាប់ម៉ឺនកន្លែង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅតាមប្រទេសនានាជុំវិញពិភពលោក ហើយចំនួននេះកំពុងកើនឡើងឥតឈប់ឈរ។ ខាងក្រោមនេះគឺជា កម្រងរូបភាពនៃអាកាសយានដ្ឋានមួយចំនួនដ៏ខុសប្លែកពីគេបំផុត ដែលត្រូវបានដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
១៖ អាកាសយានដ្ឋាន Princess Juliana មានទីតាំងស្ថិតនៅលើកោះ Saint Martin នៃតំបន់ Caribbean។ ព្រលានយន្តហោះនេះ ពុំមានបំពាក់ប្រព័ន្ធចុះចតដោយស្វ័យប្រវត្តិឡើយ ដែលជាហេតុតម្រូវឲ្យអាកាសយានិក ធ្វើការបញ្ជាយន្តហោះរបស់ពួកគេដោយផ្ទាល់ដៃ។ ជាងនេះទៅទៀត ផ្លូវរបស់ព្រលានយន្តហោះមានប្រវែងខ្លីខ្លាំង គឺត្រឹមតែ ២,១៣០ម៉ែត្រប៉ុណ្ណោះ ដូច្នេះហើយការហោះហើរក្នុងរយៈកម្ពស់ទាប ដើម្បីធ្វើការចុះចតពោលគឺនៅកៀកពីលើភ្ញៀវទេសចរ ដែលកម្សាន្តនៅឆ្នេរសមុទ្រ Maho តែម្តង គឺជារឿងធម្មតាៗទៅហើយនៅទីនោះ។
២៖ អាកាសយានដ្ឋាន Courchevel ដែលព័ទ្ធជុំវិញដោយជួរភ្នំអាល់នៃប្រទេសបារាំងនោះ មានផ្លូវសម្រាប់ការហោះចាកចេញ និងចុះចតប្រវែងតែ ៥២៥ម៉ែត្រប៉ុណ្ណោះ ហើយប្រវែង ១៨.៥ភាគរយក្នុងចំណោមនោះ មានសភាពជាជម្រាលថែមទៀតផង ដោយវាមានចំណោតស្រួចនៅផ្នែកខាងចុង។ មានតែអាកាសយានិកពោរពេញដោយបទពិសោធន៍ប៉ុណ្ណោះ ដែលអាចដោះស្រាយជាមួយការចុះចត នៅព្រលានយន្តហោះមួយនេះបានដោយសម្រួល។
៣៖ ព្រលានយន្តហោះ Agatti របស់ប្រទេសឥណ្ឌា មានទីតាំងស្ថិតនៅលើកោះមានរាងដ៏តូចចង្អៀតមួយ និងហ៊ុមព័ទ្ធជុំវិញដោយមហាសមុទ្រឥណ្ឌា។ វាមានផ្លូវចាក់កៅស៊ូមួយខ្សែ ដែលមានបណ្តោយប្រវែង ១,២០៤ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ហើយអគាររង់ចាំរបស់ព្រលានយន្តហោះនេះ អាចផ្ទុកអ្នកដំណើរបានត្រឹម ៥០នាក់ នៅអំឡុងពេលមមាញឹកបំផុត។
៤៖ អាកាសយានដ្ឋាន North Front នៅ Gibraltar ដែលជាដែនដីរបស់ចក្រភពអង់គ្លេស នៅចុងភាគត្បូងប្រទេសអេស៉្បាញ ត្រូវបានស្ថាបនាឡើងនៅចន្លោះទីក្រុង និងភ្នំមួយ ដែលស្ថិតលើឧបទ្វីបដ៏តូចនេះ មានផ្ទៃដីត្រឹម ៦.៨គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ប្រការហេតុនេះអាកាសយានដ្ឋាន North Front មានត្រឹមផ្លូវសម្រាប់ការហោះហើរ និងចុះចតតែមួយខ្សែប៉ុណ្ណោះ ដែលឆ្លងកាត់ដងវិថី Winston Churchill ដែលឆ្ពោះទៅកាន់ព្រំដែនគោកជាមួយអេស៉្បាញ។ Winston Chur គឺជាផ្លូវ Highway ដែលមានភាពមមាញឹកបំផុតរបស់ Gibraltar ហើយវាត្រូវតែបិទមិនឲ្យយានជំនិះធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅរាល់ពេលដែលមានយន្តហោះហោះចាកចេញ ឬក៏ចុះចតនៅឯអាកាសយានដ្ឋានម្តងៗ។
៥៖ នៅក្នុងប្រទេសស្កុតឡែន មានអាកាសយានដ្ឋានដែលខុសប្លែកពីគេមួយ ស្ថិតនៅលើឆ្នេររាក់ដ៏ធំទូលាយមួយ ដែលធ្វើប្រតិបត្តិការនៅអំឡុងពេលជំនោរទឹកសមុទ្រមានកម្រិតទាប។ អាកាសយានដ្ឋាន Barra គឺជាព្រលានយន្តហោះតែមួយគត់លើលោក ដែលប្រើប្រាស់ឆ្នេរខ្សាច់ជាទីតាំងសម្រាប់ការហោះចាកចេញ និងចុះចតនៃជើងហោះហើរដែលបានគ្រោងទុកជាមុន។
៦៖ អាកាសយានដ្ឋាន Congonhas នៃប្រទេសប្រេស៊ីល ស្ថិតនៅចំកណ្តាលសង្កាត់ដ៏សែនមមាញឹក និងកកកុញជាទីបំផុតនៃទីក្រុង Sao Paulo ដែលប្រការនេះបង្កបញ្ហាប្រឈមជាខ្លាំង សម្រាប់អាកាសយានិក ក្នុងការឆ្ពោះមកកាន់ព្រលានយន្តហោះនេះ។ កាលពីអំឡុងទសវត្សរ៍១៩៣០ នៅពេលដែលអាកាសយានដ្ឋាន Congonhas ត្រូវបានសាងសង់ឡើង វាបានស្ថិតនៅក្រៅឆ្ងាយពីតំបន់ទីប្រជុំជននៅឡើយទេ ក៏ប៉ុន្តែការរីកចម្រើនយ៉ាងសម្បើមនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង បានលេបយកព្រលានយន្តហោះនេះបន្តិចម្តងៗ រហូតបន្សល់ទុកទីធ្លាដ៏តូចចង្អៀត សម្រាប់ឲ្យយន្តហោះធ្វើការហោះចាកចេញ និងចុះចតនៅទីនោះ។
៧៖ អាកាសយានដ្ឋាន Madeira ឬ Funchal ដែលទើបតែទទួលបានឈ្មោះថ្មីមួយកាលពីពេលថ្មីៗកន្លងទៅនេះ តាមកំពូលកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោក Cristiana Ronaldo គឺជាព្រលានយន្តហោះមួយ ដែលស្ថិតនៅចន្លោះជួរភ្នំ និងមហាសមុទ្រអាត្លង់ទិក លើចុងកោះ Madeira របស់ប្រទេសព័រទុយហ្គាល់។ ដោយសារតែធ្លាប់មានផ្លូវសម្រាប់ការហោះចាកចេញ និងចុះចតខ្លីពេកនោះ ព្រលានយន្តហោះនេះ ក៏បានពង្រីកផ្លូវរបស់ខ្លួន តាមរយៈការសាងសង់បន្ថែមនៅលើសសរស្តម្ភស៊ីម៉ង់ ដែលមានគុណភាពខ្ពស់បំផុតប្រមាណ ១៨០ដើម ខណៈនិមួយៗមានអង្កត់ផ្ចិតប្រវែង ០៥ម៉ែត្រ។
៨៖ អាកាសយានដ្ឋាន Kansai នៃប្រទេសជប៉ុន ស្ថិតនៅលើកោះសិប្បនិមិត្តចំនួនពីរ ដែលតភ្ជាប់ទៅកាន់ដីគោក តាមរយៈស្ពានប្រវែង ០៣គីឡូម៉ែត្រមួយប៉ុណ្ណោះ។ សំដៅឆ្ពោះទៅកាន់ព្រលានយន្តហោះនេះ មានអារម្មណ៍ថា អាកាសយានិករៀបនឹងធ្វើការចុះចតនៅលើផ្ទៃទឹកអ៊ីចឹង។ ឆកសមុទ្រ Osaka ជាទីដែលអាកាសយានដ្ឋាននេះតាំងនៅនោះ គឺជាតំបន់ដ៏ងាយនឹងរងគ្រោះពីហេតុការណ៍រញ្ជួយដីបំផុតនៅលើពិភពលោក ដូច្នេះហើយគេត្រូវការចំណាយថវិកាយ៉ាងច្រើន ដើម្បីបង្កើនភាពរឹងមាំនៃអគាររង់ចាំ និងផ្លូវរបស់ព្រលានយន្តហោះនេះ។
៩៖ ព្រលានយន្តហោះ Juancho E. Yrausquin ដែលស្ថិតនៅលើកោះ Saba នៃតំបន់ Caribbean មានផ្លូវសម្រាប់ធ្វើការហោះចាកចេញ និងចុះចតដ៏ខ្លីបំផុតមួយនៅលើពិភពលោក គឺមានប្រវែងត្រឹមតែ ៤០០ម៉ែត្រប៉ុណ្ណោះ ជាមួយនិងជ្រោះធ្លាក់ទៅកាន់ផ្ទៃសមុទ្រ នៅចុងទាំងសងខាងរបស់វា។ មានតែយន្តហោះធុនតូចមួយចំនួន ឬឧទ្ធម្ភាគចក្រនោះទេ ដែលអាចធ្វើការចុះចតនៅទីនោះបាន៕