(ប៉ាគីស្ថាន)៖ តុលាការកំពូលប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានសម្រេចចិត្តដកតំណែងនាយករដ្ឋមន្ត្រី លោក Nawaz Sharif បន្ទាប់ពីមានការស៊ើបការអង្កតលើអំពើពុករលួយ ពាក់ព័ន្ធនឹងទ្រព្យសម្បតិ្តគ្រួសាររបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ការសម្រេចចិត្តបែបនេះរបស់តុលាការកំពូលប៉ាគីស្ថាន ធ្វើឡើងក្រោយលេចធ្លាយនូវរឿងអាស្រូវពុករលុយ Panama Papers កាលពីឆ្នាំ២០១៥ ដែលថា កូនប្រុសរបស់នាយករដ្ឋមន្ត្រីរូបនេះ មានក្រុមហ៊ុនលួចលាក់ជាច្រើននៅឯបរទេស។ ចៅក្រម Ejaz Afzal Khan នៅក្នុងតុលាការ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គាត់ (លោក Nawaz Sharif ) លែងមានសិទ្ធិស្របច្បាប់ ធ្វើសមាជិកសភាទៀតបានឡើយ ហើយគាត់ត្រូវបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រី»។
យ៉ាងណាក៏ដោយ លោក Nawaz Sharif មានអាយុ ៦៧ឆ្នាំ ដែលបានឡើងកាន់តំណែងចាប់តាំងពីឆ្នាំ២០១៣មក បានបដិសេធថា លោកមិនបានប្រព្រឹត្តកំហុសអ្វីទាំងអស់ ហើយបានហៅការស៊ើបអង្កេតនេះថា លំអៀង និងមិនត្រឹមត្រូវ ខណៈតុលាការកំពូល ក៏បានបង្គាប់ឱ្យបើកការស៊ើបអង្កេត លើបទឧក្រិដ្ឋប្រឆាំងនឹងនាយករដ្ឋមន្ត្រីរូបនេះផងដែរ៕