(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា ពួកគេបានរកឃើញគ្រាប់មីនកប់ក្រោមដី ត្រូវបានគេច្នៃដាក់ក្នុងប្រអប់ឈើ ដែលទំនងជាបានអណ្ដែតតាមទឹកពីកូរ៉េខាងជើង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង គ្រាប់មីនប្រអប់ខាងលើត្រូវបានគេរកឃើញ កាលពីថ្ងៃព្រហស្បតិ៍ នៅលើកោះតូចមួយស្ថិតនៅក្បែរតំបន់ភាគខាងលិច នៃព្រំដែនសមុទ្រជាប់ជាមួយកូរ៉េខាងជើង នៅអំឡុងប្រតិបត្តិការរុករកសារធាតុ ឬអាវុធជាតិផ្ទុះផ្សេងទៀត។ ជាមួយគ្នានោះដែរ ពួកគេក៏បានអំពាវនាវឱ្យប្រជាជនរស់នៅតាមតំបន់ព្រំដែន មានការប្រុងយ័ត្នខ្ពស់ និងរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់ បើសិនជាប្រទះឃើញវត្ថុសង្ស័យ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី០១ឡើយ ដែលគ្រាប់មីនប្រអប់អណ្ដែតតាមទឹកពីកូរ៉េខាងជើង ចូលមកទឹកដីកូរ៉េខាងត្បូង ពោលគឺវាកើតឡើងសឹងតែជារៀលរាល់ឆ្នាំ នៅពេលរដូវភ្លៀងធ្លាក់ខ្លាំងម្ដងៗ។ ប៉ុន្តែ យោធាកូរ៉េខាងត្បូងជឿជាក់ថា ទីក្រុងព្យុងយ៉ាងមានចេតនាឱ្យគ្រាប់មីនទំាងនេះ អណ្ដែតតាមទឹកភ្លៀងមកចូលដីកូរ៉េខាងត្បូង៕