(អេស្ប៉ាញ)៖ មនុស្សយ៉ាងហោចណាស់ ៤៨នាក់ បានរងរបួសនៅក្នុងហេតុការណ៍រថភ្លើងបុករនាំងផ្លូវទាល់ នៅស្ថានីយ៍រថភ្លើងទីក្រុងបាសេឡូណា ប្រទេសអាស្ប៉ាញនៅថ្ងៃសុក្រនេះ ប៉ុន្តែពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នកបាត់បង់ជីវិតនៅឡើយទេ ខណៈមនុស្ស ០៥នាក់ រងរបួសធ្ងន់។ នេះបើតាមសម្តីរបស់អាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យសេវាកម្មផ្លូវដែកក៏បានបញ្ជាក់ដែរ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅឯស្ថានីយ៍រថភ្លើង Francia ស្ថិតនៅកណ្ដាលទីក្រុងបាសេឡូណា។ រថភ្លើងនេះ គឺជារថភ្លើងនៅក្នុងតំបន់មកពីតំបន់ Sant Vicenç de Calders បានរអិលធ្លាក់ផ្លូវជ្រុលទៅបុកនឹងរនាំងផ្លូវទាល់ ដោយបង្កឱ្យមនុស្ស ៤៨នាក់ រងរបួសក្នុងនោះ ០៥នាក់ មានទំាងអ្នកបើកបរបានរងរបួសធ្ងន់ រីឯមនុស្ស ១៨នាក់ ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក៏ប៉ុន្តែអាជ្ញាធរពុំទាន់អាចពីមូលហេតុ នៃគ្រោះថ្នាក់នេះនៅឡើយទេ៕