(វ៉ាស៊ីនតោន)៖ ប្រព័ន្ធកាមេរ៉ាដែលត្រូវបានបំពាក់កាលពីពេលថ្មីៗនេះ ទៅលើយានអវកាសមួយគ្រឿង របស់ទីភ្នាក់ងារអវកាស NASA ដែលរចនាឡើង ដើម្បីតាមស្វែងរកភពអេលៀន (ភពស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ) នៅក្បែរៗយើងនោះ នឹងបាត់កម្រិត Focus បន្តិចបន្តួចបន្ទាប់ពីវាត្រូវបានបាញ់បង្ហោះ ប៉ុន្តែ NASA បានអះអាងថា វានឹង មិនជះផលប៉ះពាល់ដល់ផ្នែកវិទ្យាសាស្រ្តនៃបេសកកម្មនេះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Space News នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
កាលពីប៉ុន្មានថ្ងៃមុនអង្គការ NASA បានបញ្ជាក់ឲ្យដឹងថា ប្រព័ន្ធ Focus (សម្រាំងរូបភាព) នៃកាមេរ៉ាចំនួន ០៤គ្រឿង នៅលើកែវយឺតអវកាស Transiting Exoplanet Survey Satellite ហៅកាត់ថា TESS នឹងប្រែប្រួលផ្លាស់ប្តូរ នៅពេលដែលយានអវកាសនេះថយចុះសីតុណ្ហភាព ឲ្យសមស្របសម្រាប់ការធ្វើប្រតិបត្តិការ បន្ទាប់ពីការបាញ់បង្ហោះកាលពីខែមីនា ឆ្នាំ២០១៨ខាងមុខ។
អ្នកនាំពាក្យរបស់ NASA អ្នកនាង Felicia Chou បានប្រាប់ថា «ការធ្វើតេស្តថ្មីៗនេះបានបង្ហាញឲ្យឃើញថា កាមេរ៉ាបំពាក់នៅលើកែវយឺតអវកាស TESS បានបាត់បង់ Focus បន្តិចបន្តួច នៅពេលដែលស្ថិតក្នុងសីតុណ្ហភាពដ៏ក្តៅនៃលំហកាស ជាទីដែលវានឹងត្រូវបំពេញប្រតិបត្តិការ។ យ៉ាងណាមិញ ក្រោយការវាយតម្លៃផ្នែកវិស្វកម្មយ៉ាងហ្មត់ចត់ NASA បានសម្មត់ជាចុងក្រោយថា TESS នឹងអាចសម្រេចបេសកកម្មវិទ្យាសាស្រ្តរបស់វាបាន ដោយជោគជ័យ និងពេញលេញ ជាមួយនិងស្ថានភាពបច្ចុប្បន្ននៃកាម៉េរាទាំងនេះ ហើយ TESS នឹងនៅតែបន្តសកម្មភាពរួមបញ្ចូលគ្នានេះ ដោយគ្មានការកែប្រែអ្វីឡើយ»។
កែវយឺតអវកាស TESS នឹងប្រើប្រាស់កាមេរ៉ាទាំងនោះ ដើម្បីអង្កេតមើលពន្លឺនៃបណ្តាផ្កាយ ដែលកៀកនិងភ្លឺជាងគេ នៅលើផ្ទៃមេឃ តាមរយៈវិធីសាស្រ្តស្រដៀងទៅនឹងវិធីសាស្រ្តដែលប្រើប្រាស់ ដោយ Kepler ជាកែវយឺតអវកាស ត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីឃ្លាំមើលតំបន់ដ៏ជាក់លាក់មួយ នៃផ្ទៃមេឃ។ កែវយឺតអវកាសទាំងពីរនេះ ត្រូវបានរចនាឡើង ដើម្បីស្វែងរកមើលការថយចុះពន្លឺនៃបណ្តាផ្កាយទាំងនោះ នៅពេលដែលមានភពឆ្លងកាត់ពួកវា។
TESS ត្រូវបានគេកំណត់ថា នឹងមិនទាន់បាញ់បង្ហោះទៅកាន់ទីអវកាសនោះឡើយ រហូតទាល់តែដល់ខែមីនា ឆ្នាំ២០១៨ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជន SpaceX។ កែវយឺតអវកាស TESS នឹងធ្វើប្រតិបត្តិការនៅក្នុងគន្លងដ៏ប្លែក ដែលនឹងនាំយកវាទៅរយៈចម្ងាយចន្លោះ ១០៨,០០០-៣៧៣,០០០គីឡូម៉ែត្រ ពីភពផែនដី ខណៈបេសកកម្មចម្បងរបស់វា នឹងមានរយៈពេលពីរឆ្នាំ៕