(វ៉ាស៊ីនតោន)៖ ទោះបីជាធ្លាប់រងពាក្យសម្តីវាយប្រហាររបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងត្រូវមេដឹកនាំហ្វីលីពីនរូបនេះប្រកាសងាកចេញពីខ្លួនយ៉ាងណាក្តី ក៏សហរដ្ឋអាមេរិកនៅតែផ្តល់អំណោយជាយន្តហោះសម្រាប់ឈ្លបការណ៍ចំនួនពីរគ្រឿង ជាកាដូមានតម្លៃសរុប ៣៣លានដុល្លារ ទៅកាន់រដ្ឋាភិបាលទីក្រុងម៉ានីល ដើម្បីជួយដល់សម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ នៅក្នុងការតស៊ូលំបាករបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS រួមទាំងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដទៃៗទៀត ដែលបាន និងកំពុងធ្វើទុក្ខបុកម្នេញប្រទេសដីកោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
យន្តហោះទាំងពីរគ្រឿងខាងលើគឺជាប្រភេទ Cessna C208B Caravans ដែលជាយន្តហោះម៉ាស៊ីនមួយមានបណ្តោយប្រវែង ១២ម៉ែត្រ និងអាចប្រើប្រាស់ធ្វើជាយន្តហោះដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញខ្នាតតូចបាន។ ក៏ប៉ុន្តែអ្វីដែលពិសេសសម្រាប់ពួកវានោះគឺ យន្តហោះប្រភេទជាពិសេស 208B ទាំងនេះ ត្រូវបានបំពាក់ជាមួយនិងឧបករណ៍យ៉ាងសម្បូរបែប សម្រាប់ឈ្លបការណ៍ទាំងនៅលើគោក និងផ្ទៃទឹក ដែលនឹងអនុញ្ញាតពួកវា ធ្វើការតាមដានទៅលើសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធពីលើអាកាសបាន ប្រកបដោយប្រសិទ្ធភាព។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីល លោក Sung Kim បានឲ្យដឹងថា ការប្រគល់យន្តហោះទាំងពីរគ្រឿងនេះ គឺស្ថិតក្រោមក្របខណ្ឌនៃកិច្ចផ្តួចផ្តើមសន្តិសុខផ្លូវសមុទ្រ (MSI) តម្លៃ ៤២៥លានដុល្លារ ដែលអាមេរិកផ្តល់ជាជំនួយនូវបរិក្ខាយោធាទំនើបៗ ទៅកាន់សម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់។ លោក Kim បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏នឹងនាំយកគ្រាប់បែកប្រមាណ ២០០គ្រាប់, គ្រាប់រ៉ុក្កែត ១,០០០គ្រាប់, និងអាវុធធុនតូចរាប់រយដើមផ្សេងទៀត ដែលភាគីហ្វីលីពីនបានទិញយក នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ ក្រៅពីនេះសហរដ្ឋអាមេរិក ក៏ត្រូវគេរំពឹងថា នឹងជូនកាដូជាយន្តហោះគ្មានអ្នកបើកបរ (Drone) ឲ្យហ្វីលីពីនថែមទៀតផង។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធ ISIS បានចូលដណ្តើមកាន់កាប់ទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន ដែលជាលទ្ធផលបានឈានទៅដល់ការបាត់បង់ជីវិតមនុស្សរាប់រយនាក់ និងជិត ១០០,០០០នាក់ផ្សេងទៀត បានបង្ខំចិត្តភៀសខ្លួន ហើយបានអូសបន្លាយអស់រយៈពេលប្រមាណជាពីរខែមកហើយ៕