(គូឡាឡាំពួរ)៖ តុលាការជាន់ខ្ពស់ម៉ាឡេស៊ី នៅថ្ងៃសុក្រនេះ​បានឱ្យដឹងថា សវនាការ​កាត់ក្ដីស្រ្តី​ពីរនាក់ ដែលត្រូវបាន​គេចោទប្រកាន់ថា ជាឃាតករ​សម្លាប់បងប្រុសម្ដាយទីទៃ​របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នឹងត្រូវប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី០២ ខែតុលា​ខាងមុខនេះ។ នេះបើតាម​ការចេញផ្សា​យដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។

នាង Siti Aisyah មានអាយុ ២៥ឆ្នាំ ជាជនជាតិឥណ្ឌូណេស៊ី និងនាង Doan Thi Huong អាយុ ២៨ឆ្នាំ​ មកពីប្រទេសវៀតណាម​ត្រូវជាប់ចោទ​ ពីបទសម្លាប់លោក គីម ជុងណាំ ដោយប្រើប្រាស់ សារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ អំពើឃាតកម្មនេះ ក៏បានបង្កជាជម្លោះការទូត​បណ្ដេញមន្រី្តទូតចេញពីប្រទេស​រៀងៗ​ខ្លួន រវាងកូរ៉េខាងជើង និងម៉ាឡេស៊ី​ផងដែរ។ ស្រ្តី​ទាំងពីរនេះ​បានបង្ហាញខ្លួនជាមួយអាវ​ការពារគ្រាប់ នៅចំពោះតុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី ក្នុងទីក្រុង​គូឡាំឡាពួរ នៅក្នុង​ថ្ងៃសុក្រនេះ​ក្រោមការយាម​កាម​យ៉ាងតឹងរឹង​ ពីក្រុម​ប៉ូលិសជាង ២០០នាក់ ដែលត្រូវ​បានគេដាក់​ពង្រាយ​នៅខាងក្រៅ​បរិវេណ​តុលាការ។​ នៅក្នុងពេល​បង្ហាញខ្លួន​នោះដែរ តុលាការ​បានសម្រេច​យក​ថ្ងៃទី០២ ខែតុលា ជាថ្ងៃដំណើរការ​សវនាការ​លើរឿងក្ដី​របស់​ជនជាប់ចោទ​ទាំងពីរ​នាក់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានចោទប្រកាន់​ត្រង់ៗ​ថា របបដឹកនាំ​លោក ​គីម ជុងអ៊ុន គឺជាអ្នកនៅពី​ក្រោយ​ការសម្លាប់ លោក គីម ជុងណាំ បើទោះជា​ទីក្រុង​ព្យុងយ៉ាង​បដិសេធជាច្រើន​ដង​ក៏ដោយ។ ចំណែកឯ​នាង Siti Aisyah និងនាង Doan Thi Huong​ ដែលអាច​នឹងប្រឈមមុខ​នឹងការកាត់ទោស​ប្រហារជីវិត ក្នុងករណី​បានប្រពឹ្រត្ត​កំហុស​ដូចការ​ចោទ​មែននោះបាននិយាយថា ពួកនាងត្រូវបា​នគេបោកឆោត​ថា ការសម្លាប់ លោក គីម ជុងណាំ គ្រាន់តែកម្មវិធី​ទូរទស្សន៍មួយ​ (Prank) តែប៉ុណ្ណោះ៕