(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹង រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ហើយដែលការអនុម័តនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសភាអាមេរិក បោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣សំឡេង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធសហភាពអឺរ៉ុប និងបារាំងបានចាត់ទុកថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ក៏ដូចជានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្ដាក្រុមហ៊ុនអឺរ៉ុប ខណៈអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងវ៉ាស៊ីនតោនមានចេតនាដាក់ទណ្ឌកម្មនេះ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ច និងចង់ដណ្ដើមទីផ្សារជាអ្នកផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី តាមរយៈការបង្ខំឱ្យបណ្ដាប្រទេសអឺរ៉ុបងាកមកទិញឧស្ម័ន ឬប្រេងពីខ្លួនវិញ។ ទោះជាយ៉ាងនេះក្ដីព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅតែបោះឆ្នោតអនុម័តច្បាប់ដាក់ទណ្ឌកម្មនេះ ក្នុងសំឡេងគាំទ្រ ៩៨ ទល់នឹង ០២សំឡេង បើទោះជាមានការព្រមានចាត់វិធានការសងសឹកពីទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់ក៏ដោយ។
គួរបញ្ជាក់ថា មុននឹងចូលជាធរមានច្បាប់នេះត្រូវបញ្ជូនទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះហត្ថលេខាជាមុនសិន។ ប៉ុន្តែទន្ទឹមគ្នានឹងការអនុម័តរបស់ព្រឹទ្ធសភា ក៏មានសេចក្ដីរាយការណ៍ដែរថា លោក ត្រាំ អាចនឹងប្រើសិទ្ធិវ៉េតូជំទាស់នឹងច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ ដែលនឹងដាក់កំហិតមួយចំនួនលើលទ្ធភាពរបស់លោក ក្នុងការដកទណ្ឌកម្មពីរុស្ស៊ី៕