(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា បានប្រកាសឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ចំនួន១០៥នាក់ បានបាត់បង់អាយុជីវិត ក្នុងអំឡុងការធ្វើបាតុកម្មជាបន្តបន្ទាប់ ដែលបានផ្ទុះឡើងនៅប្រទេសអាមេរិកឡាទីន ចាប់តាំងពីដើមខែមេសាមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងរឿងនេះ ភាគីទាំងសងខាងគឺរដ្ឋាភិបាលនិងបក្សប្រឆាំង (MUD) បានទម្លាក់កំហុសលើគ្នាទៅវិញទៅមក សម្រាប់ការស្លាប់ទាំងនេះ ដោយរដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់ MUD ថាបានទៅជួលពួកឧក្រិដ្ឋជនបាតផ្សារ ឲ្យដើរបង្កភាពចលាចលនិងអំពើហិង្សា ខណៈគណបក្សប្រឆាំងបានចង្អុលមុខក្រុមមន្រ្តីប៉ូលិស និងកម្លាំងយោធាក្រោមការបង្គាប់របស់រដ្ឋាភិបាលថា ជាអ្នកបង្កហេតុ។
គួរបញ្ជាក់ថា ការធ្វើបាតុកម្មដ៏កក្រើកទាំងអស់នេះប្រឆាំងរដ្ឋាភិបាល ក្រោមការអំពាវនាវពី MUD កាលពីជិតបួនខែមុន បាននិងកំពុងតែធ្វើឡើង ក្នុងគោលបំណងទាមទារឲ្យមានការបោះឆ្នោតជ្រើស មេដឹកនាំថ្មីមុនពេលកំណត់, ទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយនានា, និងបញ្ឈប់ការប៉ុនប៉ងរបស់រដ្ឋាភិបាលលោក Nicolas Maduro ដែលចង់កែប្រែរដ្ឋធម្មនុញ្ញឡើងវិញ តាមរយៈការបង្កើតសភាធម្មនុញ្ញ ANC៕