(វ៉ាស៊ីនតោន)៖ ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រតែចំពោះក្រុមប្រដាប់អាវុធទាំងឡាយណា ដែលមានបំណង់ប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ISIS នៅក្នុងប្រទេសស៊ីរីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNN លោក Ryan Dillon អ្នកនាំពាក្យក្រុមចម្រុះអន្តរជាតិ បានឲ្យដឹងថាក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក ប្រឆាំងពួក ISIS នឹងផ្តល់ការជួយជ្រោម ជ្រែងចំពោះតែក្រុមទាំងឡាយណា ដែលមានបំណងប្រយុទ្ធតទល់នឹងពួកភេរវករនេះប៉ុណ្ណោះ ជាជាងទៅតស៊ូប្រឆាំងជាមួយរដ្ឋាភិបាលស៊ីរី ឬមួយក៏គោលដៅដទៃផ្សេងទៀត ដែលពុំមែនជា ISIS។
យោងតាមអ្នកនាំពាក្យរូបនេះ ក្រុមប្រដាប់អាវុធមួយដែលហៅខ្លួនឯងថា Shohada Al Quartyan បានឲ្យដឹងថាពួកគេប្រហែលចង់មានគោលដៅផ្សេងទៀត ក្រៅពីការកម្ចាត់ពួក ISIS។ លោក Dillon បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍អាមេរិកថា «ក្រុមចម្រុះអន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់ថ្នាក់ដឹកនាំរបស់ក្រុម Shohada Al Quartyan រួចហើយថាប្រសិនបើ ពួកគេជ្រើសរើសយកគោលដៅថ្មីផ្សេង សម្ព័ន្ធអន្តរជាតិនេះ នឹងលែងបន្តផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការរបស់ពួកគេតទៀតហើយ»។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដានេះ មានសេចក្តីរាយការណ៍ ដែលយកតាមប្រភពពីមន្រ្តីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ និងសភាអាមេរិកថា យុទ្ធសាស្រ្តថ្មី របស់សហរដ្ឋអាមេរិកនៅក្នុង ប្រទេសស៊ីរី នឹងមិនរួមបញ្ចូលការទម្លាក់ប្រធានាធិបតីស៊ីរី ដែលកំពុងកាន់អំណាច លោក អាល់ អាស្សាដ ជាលក្ខខណ្ឌតទៀតឡើយ ហើយវានឹងអនុញ្ញាតឲ្យការបង្កើនកិច្ចសហប្រតិបត្តិ កាន់តែជិតស្និទ្ធជាមូយប្រទេសរុស្ស៊ី។ ម៉្យាងវិញទៀត កាលពីអំឡុងដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉ារីសដើម្បីជួបពិភាក្សាជាមួយសមភាគីបារាំងលោក ដូណាល់ ត្រាំ ប្រទេសដែលជាសមាជិកនៃក្រុមចម្រុះអន្តរជាតិផងដែរនោះ ក៏បានផ្លាស់ប្តូរជំហររបស់ខ្លួននៅក្នុងប្រទេសស៊ីរីដូចគ្នា ហើយនឹងមិនបន្តទទូចឲ្យមានការចាកចេញពីតំណែង របស់លោក អាស្សាដ ទៀតនោះទេ ដោយនឹងផ្តោតសំខាន់ទៅលើការកម្ចាត់ក្រុមភេរវករវិញ។
គួរជម្រាបបន្ថែមថា ជម្លោះប្រដាប់អាវុធនៅស៊ីរីបានបន្តអូសបន្លាយចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយកងទ័ពរដ្ឋាភិបាលស៊ីរី កំពុងតែប្រយុទ្ធតទល់នឹងពួកឧទ្ទាមប្រដាប់អាវុធក៏ដូចជា ក្រុមភេរវករ ខណៈប្រទេសរុស្ស៊ី បាននិងកំពុងតែបន្តបំពេញប្រតិបត្តិការប្រឆាំងនឹងក្រុម ISIS នៅស៊ីរីចាប់តាំងពីឆ្នាំ២០១៥មក តបតាមការស្នើសុំពីទីក្រុងដាម៉ាស៕