(តូក្យូ)៖ មេដឹកនាំគណបក្សប្រជាធិបតេយ្យជប៉ុន លោកសី្រ Renho បានប្រកាសពីការសម្រេចចិត្តរបស់លោកស្រី ក្នុងការចុះចេញពីតំណែងជាប្រធានគណបក្សប្រឆាំង ដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនមួយនេះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
លោកស្រី Renho នៅក្នុងសេចក្ដីថ្លែងការណ៍បាននិយាយថា លោកស្រីកំពុងគិតគូរថា តើធ្វើសកម្មភាពរបៀបណា ទើបអាចធ្វើឱ្យប្រជាជនជប៉ុនមានទំនុកចិត្តលើ គណបក្សប្រជាធិបតេយ្យរបស់លោកស្រី។ លោកស្រី Renho មានអាយុ៤៩ឆ្នាំ បានបញ្ជាក់ទៀតថា លោកស្រីគឺជាអ្នកសម្រេចចិត្តដោយខ្លួនឯង។
គួរបញ្ជាក់ថា ការលាលែងរបស់មេបក្សប្រឆាំងខាងលើនេះ បានកើតមានឡើងនាអំឡុងពេលដែល គណបក្សកាន់អំណាច LDP របស់លោក ស៊ីហ្សូ អាបេ បាននិងកំពុងធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងគំហុកមិនធ្លាប់មាន ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់អំណាច ជួយជ្រោមជ្រែងមិត្តភក្តិខ្លួនឯង ពីសំណាក់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដែលជារឿងល្មើសច្បាប់៕