(ប៉េកាំង)៖ ចិនគ្រោងនឹងបង្កើតមូលដ្ឋាន ដែលស្ថិតក្នុងលក្ខខណ្ឌស្រដៀងនឹងភពអង្គារ (Mars) ដំបូងបំផុតរបស់ខ្លួន នៅខេត្ត Qinghai ភាគពាយ័ព្យនៃប្រទេស ដើម្បីលើកកម្ពស់ការសិក្សាអប់រំផ្នែកអវកាស និងវិទ្យាសាស្រ្ត ក៏ដូចជាក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ក្នុងតំបន់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
មូលដ្ឋានខាងលើ នឹងមានទីតាំងនៅជ្រលងក្រហមនៃតំបន់ដីសណ្តរ Qaidam ក្នុងខេត្តស្វយ័ត Haixi ភាគកណ្តាលប្រទេសចិន។ យោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មានចិន ខេត្ត Haixi គ្របដណ្តប់ទៅលើវាលខ្សាច់ទំហំជាង ៩៥,០០០គីឡូម៉ែត្រក្រឡា និងមានលក្ខខណ្ឌសណ្ឋានដី រួមទាំងបរិស្ថានធម្មជាតិស្រដៀងទៅនឹងភពព្រះអង្គារ។ ជាមួយគ្នានេះមូលដ្ឋាននេះ នឹងចែកចេញជាពីរតំបន់ រួមមាន «សហគមន៍ភពអង្គារ» និង «ទីតាំងបោះតង់ភពអង្គារ» ដែលនឹងតភ្ជាប់គ្នាដោយផ្លូវមួយខ្សែ ក៏ប៉ុន្តែមើលពុំឃើញពីគ្នានោះឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ លោក Liu Xiaoqun ប្រធាននាយកដ្ឋានរុករកទីអវកាស និងឋានព្រះច័ន្ទ នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិនបានលើកឡើងថា «ក្នុងនាមជាប្រភេទដំបូងគេបំផុត មូលដ្ឋានភពអង្គារនេះ នឹងបំពេញចន្លោះប្រហោងនានា នៅក្នុងការសិក្សាអប់រំផ្នែកវិទ្យាសាស្រ្តជាក់ស្តែង ដែលរួមបញ្ចូលគ្នានូវមុខវិជ្ជាជាច្រើនដូចជា អវកាស, តារាសាស្រ្ត, ជីវវិទ្យា, ឧតុនិយម, និងថាមពល»។
ជាងនេះទៅទៀតមូលដ្ឋាន ដែលស្ថិតនៅក្បែរគោលដៅទាក់ទាញភ្ញៀវទេសចរជាច្រើននេះ នឹងត្រូវប្រែក្លាយទៅជា មូលដ្ឋានបទពិសោធន៍វប្បធម៌ និងទេសចរណ៍ ដែលរួមបញ្ចូលនូវវិទ្យាសាស្រ្ត, វិទ្យាសាស្រ្តប្រឌិត, ធម្មជាតិ, ប្រព័ន្ធជីវចម្រុះ, និងវប្បធម៌។
យ៉ាងណាមិញ បើតាមលោក Jiao Weixin សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តអវកាស នៃសកលវិទ្យាល័យ Peking បានលើកឡើងថា ទោះបីជាទម្រង់ដីប្រភេទ Yardang នៅខេត្ត Haixi មានភាពប្រហាក់ប្រហែលទៅនឹងសណ្ឋានដីរបស់ភពអង្គារក៏ដោយ ប៉ុន្តែពួកវាទៅតែមានភាពខុសគ្នាឆ្ងាយ។ លោក Jiao លើបញ្ជាក់ដូច្នេះថា «បើនិយាយពីរឿងបរិយាកាស, ដែនម៉ាញេទិច, និងកម្លាំងទំនាញវិញនោះ មូលដ្ឋានភពព្រះអង្គារនេះ នឹងជួបប្រទះភាពលំបាក ក្នុងការធ្វើត្រាប់តាមភពអង្គារផ្ទាល់»។ លោកសាស្រ្តាចារ្យរូបនេះ បានបន្ថែមថា «ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តក្នុងប្រទេសចិន ពាក់ព័ន្ធនឹងភពអង្គារ នៅត្រូវការការសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅថែមទៀត»៕