(វ៉ាស៊ីនតោន)៖ មន្ត្រីយោធាអាមេរិក លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិកបានចាត់ទុកអាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព និងមិនអាចខ្វះបានក្នុងនាមជាមហាអំណាច ខណៈទីក្រុងម៉ូស្គូកំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅលើរថភ្លើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីមួយរៀបចំឡើងក្នុងរដ្ឋ Nebraska លោក Tibbets បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីសម័យអតីតប្រធានាធិបតីអាមេរិក លោក Eisenhower មកទល់បច្ចុប្បន្ន អាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព ដែលយើងចាំបាច់ត្រូវតែមានក្នុងនាមជាមហាអំណាច... ត្បិតវាបានរក្សាស្ថេរភាពយុទ្ធសាស្ត្រ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយ សហរដ្ឋអាមេរិកនឹងបន្តធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន»។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ លោក Paul W. Tibbets IV ធ្វើឡើងចំពេលទីក្រុងម៉ូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍មីស៊ីល ICBM បំពាក់នៅលើរថភ្លើង ដែលអាចនឹងចាប់ ផ្ដើមធ្វើតេស្ដសាកល្បងជាលើកដំបូងនៅឆ្នាំ២០១៩៕