(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក Mike Pompeo បាននិយាយថា ចិនគឺជាការគំរាមកំហែងដ៏ធំបំផុត ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅលើពិភពលោក ដោយសារតែទីក្រុងប៉េកាំងមានសេដ្ឋកិច្ចរឹងមាំ និងប្រជាជនច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Pompeo ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Free Beacon មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនាឱកាសនោះដែរ នាយក CIA រូបនេះបានបញ្ជាក់ថា ពួកភេរវករ និងកូរ៉េខាងជើង គឺជាការគំរាមកំហែងរយៈពេលខ្លីដល់ផលប្រយោជន៍សន្តិសុខអាមេរិក ប៉ុន្តែចិន រុស្ស៊ី និងអ៊ីរ៉ង់ គឺជាមេគ្រោះដ៏ធំរយៈពេលវែងគួរឱ្យព្រួយបារម្ភ សម្រាប់សហរដ្ឋអាមេរិក។
លោក Pompeo បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាពិបាកណាស់ក្នុងការជ្រើសរើសរវាងចិន រុស្ស៊ី និងអ៊ីរ៉ង់ ថាមួយណាជាការគំរាមកំហែងផលប្រយោជន៍អាមេរិក តែបើសិនជាត្រូវតែជ្រើសរើស ខ្ញុំនឹងជ្រើសរើសយកចិន ត្បិតចិនមានប្រជាជនច្រើន និងសេដ្ឋកិច្ចរឹងមំា ផ្ទុយពីរុស្ស៊ី និងអ៊ីរ៉ង់ ដែលពឹងផ្អែកភាគច្រើនតែទៅលើការលក់ឧស្ម័ន»។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញខ្លះ ជម្លោះនៅសមុទ្រចិនខាងត្បូង និងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង អាចនឹងជំរុញឱ្យចិន និងសហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នាដោយផ្ទាល់ ឬក៏ការប៉ះទង្គិចគ្នាដោយកម្លាំងយោធា នៅថ្ងៃណាមួយ៕