(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ផលចំណេញដុលរបស់ខ្លួនបានកើនឡើងដល់ទៅ ១១ទ្រីលានវ៉ុន (៩,៨ពាន់លានដុល្លារ) សម្រាប់ត្រីមាសទី០២ ក្នុងឆ្នាំ២០១៧នេះ ហើយដែលនេះអាចនិយាយបានថា វាមានកំណើនរហូត ៨៩ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការលក់ផលិតផលបន្ទះ Chips មានការកើនឡើងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ផលចំណេញដុលរបស់ក្រុមហ៊ុន Samsung មានការកើនឡើងខ្លាំង បើធៀបទៅនឹងទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។ ម្យ៉ាងវិញទៀត ផលចំណេញនៃការធ្វើអាជីវកម្មនៅត្រីមាសទី០២នេះ ក៏បានកើនឡើង ១៤.១ទ្រីលានវ៉ុនផងដែរ គិតត្រឹមពីខែមេសា ដល់ខែមិថុនា ឬមានកំណើន ៧២,៩ភាគរយក្នុងមួយឆ្នាំ គិតចាប់តាំងពីត្រីមាសទី០៣ នៃឆ្នាំ២០១៣។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Samsung អត្រាលក់របស់ក្រុមហ៊ុននៅត្រីមាសទី០២ បានកើនឡើង ១៩.៧៦ភាគរយ នៅក្នុងមួយឆ្នាំ ឬស្មើនឹង ៦១ទ្រីលានវ៉ុន ខណៈប្រាក់ចំណូលមាន ការកើនឡើងខ្ពស់ជាងការរំពឹងទុកដល់ទៅ ១០.១ទ្រីនលានវ៉ុន៕