(ប៉េកាំង)៖ ឆ្នាំ២០១៧ គឺឆ្នាំដ៏ធំបំផុតសម្រាប់យោធាប្រទេសចិន ស្របពេលដែលកងទ័ពរំដោះប្រជាជនចិន (PLA) របស់មហាយក្សនៅអាស៊ីមួយនេះ កំពុងត្រៀមរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ដែលនឹងកក្រើកពិភពលោក នាថ្ងៃទី០១ ខែសីហា ពោលគឺដើមសប្តាហ៍ក្រោយនេះ ដើម្បីអបអរសាទរគម្រប់ខួបទី៩០ឆ្នាំ របស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ខណៈថ្ងៃទី០១ ខែសីហា ដែលជាថ្ងៃចាប់កំណើតរបស់ PLA កំពុងតែខិតជិតចូលមកដល់ កងទ័ពចិនបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្លា នៃសមត្ថភាពកម្លាំងយោធារបស់ខ្លួន ក្នុងអំឡុងពេលកន្លងទៅនេះ និងបានសម្តែងឲ្យពិភពលោកទាំងមូលបានឃើញថា ពីទំហំនៃការខិតខំប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាពក៏ដូចជាស្ថិរភាពសាកលលោក។
កងទ័ព PLA បានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏វែងឆ្ងាយគិតចាប់តាំងតែពីការចាប់កំណើតរបស់ខ្លួន កាលអំឡុងការបះបោរប្រដាប់អាវុធ នៅក្នុងទីក្រុង Nanchang កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ១៩២៩ នៅពេលដែល PLA មានកម្លាំងត្រឹមតែ ២០,០០០នាក់ប៉ុណ្ណោះ។ ដោយឡែករយៈពេល ៩០ឆ្នាំក្រោយមក ប្រទេសចិនបានបង្កើនចំនួនកងទ័ពដល់ទៅប្រមាណពីរលាននាក់ ក្នុងចំណោមចំនួនប្រជាជនដ៏ច្រើនសម្បើមរបស់ខ្លួន។
ក្រៅពីការកើនឡើងក្នុងបរិមាណទ័ព PLA ក៏បានបំពាក់កងទ័ពរបស់ខ្លួននូវបរិក្ខាក៏ដូចជាសព្វាវុធទំនើបៗលំដាប់ពិភពលោកផងដែរ ខណៈកាលពេលកន្លងទៅនេះ ចិនទើបតែបានបង្អួតបង្ហាញពីយន្តហោះចម្បាំង ផលិតដោយផ្ទាល់ដៃ និងដាក់ឲ្យប្រើប្រាស់នូវនាវាដឹកយន្តហោះចម្បាំងដ៏ថ្មីសន្លាងមួយគ្រឿង រួមទាំងនាវាចម្បាំង និងពិឃាតមួយចំនួនថែមទៀតផង។
គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៧ យោធាចិនបានចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន២៤ របស់អង្គការសហប្រជាជាតិ តាមរយៈការបញ្ចូនកងទ័ពរបស់ខ្លួនប្រមាណ ៣១,០០០នាក់ ដែល ១៣នាក់ ក្នុងចំណោមនោះបានពលីជីវិត ក្នុងអំឡុងពេលនៃការបំពេញភារកិច្ច។ ម៉្យាងវិញទៀត ចាប់តាំងពីឆ្នាំ២០០៨ មកកងទ័ពជើងទឹកចិន បានបញ្ជូនក្រុមនាវាអមដំណើររបស់ខ្លួនចំនួន ២៦ ទៅចូលរួមបេសកកម្មផ្សេងៗ រួមមានទាំងនាវាជាង ៧០គ្រឿង សម្រាប់បេសកកម្មអមដណើរនៅឈូងសមុទ្រ Aden និងក្បែរឆ្នេរសមុទ្រប្រទេសសូម៉ាលីជាដើម។ នៅក្នុងអំឡុងបេសកកម្មទាំងនេះ នាវាចិនក៏ដូចជាបរទេសលើសពី ៦,៣០០គ្រឿង ត្រូវបានការពារដោយជោគជ័យ៕