(អាមេរិក)៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) ទៅចំផ្លូវថ្នល់ជាតិមួយខ្សែ ដែលស្ថិតក្នុងរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក ហើយបានឆក់យកជីវិតមនុស្សចំនួន ០៤នាក់ ដែលជិះនៅលើនោះ។ នេះបើតាមការសេចក្តីរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុករបស់អាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
គ្រោះថ្នាក់ខាងលើបានកើតឡើង នាវេលាម៉ោងប្រមាណ ១៖០០នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលយន្តហោះធុនតូចប្រភេទ Beech A36 Bonanza បានធ្លាក់នៅអំឡុងពេលកំពុងធ្វើដំណើរបានពាក់កណ្តាលផ្លូវ បន្ទាប់ពីបានហោះហើរចាកចេញពី អាកាសយានដ្ឋានមួយកន្លែង ដែលស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Salt Lake នៃរដ្ឋ Utah។
យោងតាមរូបភាពមួយចំនួនបង្ហោះនៅលើបណ្តាញសង្គម Twitter យន្តហោះនោះបានធ្លាក់ ដោយពុំបានប៉ះជាមួយយានជំនិះ ដែលកំពុងបើកបរទៅមកនៅលើដងវិថីកើតហេតុនោះឡើយ ហើយអ្នកបើកបរដែលនៅក្បែរៗនោះ ក៏បានឈប់យានជំនិះរបស់ពួកគេភ្លាមៗ រួចប្រញាប់ប្រញាល់ទៅជួយជនរងគ្រោះ។ សាក្សីម្នាក់ឈ្មោះ April Demetropolis បានឲ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿងនោះ បានធ្លាក់ចុះមកយ៉ាងលឿនស្លេវ ហើយមុជទៅចំកណ្តាលផ្លូវ។ ក្រោយមកវាក៏បានផ្ទុះឡើងជាមួយអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅពាសពេញដងវិថីទាំងមូល។ សាក្សីម្នាក់ទៀតឈ្មោះ Randy Paulson បាននិយាយថា វាគឺជាធំភ្លើងក្រហមដ៏ធំមហិកមា ដូច្នេះគ្មាននរណាម្នាក់អាចនៅរស់រានមានជីវិតនោះឡើយ។
គួរបញ្ជាក់ថា ឈ្មោះនៃជនរងគ្រោះទាំងបួននាក់ដែលស្ថិតលើយន្តហោះនោះ មិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ ហើយមូលហេតុនៅពីក្រោយសោកនាដកម្មនេះ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕