(អង់ការ៉ា)៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ប្រមូលអាវុធនុយក្លេអ៊ែររបស់ខ្លួនពីមូលដ្ឋានទ័ពអាកាសតួកគី Incirlik ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នៅតែបន្តតានតឹង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Stars and Stripes លោក Joseph Cirincione បានអះអាងថា មូលដ្ឋានទ័ពតួកគី គឺជាកន្លែងគ្មានសុវត្ថិភាព និងអាក្រក់បំផុតក្នុងការរក្សាទុកអាវុធនុយក្លេអ៊ែរអាមេរិកជាង ៥៩គ្រាប់ ដោយក្នុងនោះមានទំាងគ្រាប់បែក B16 មានកម្លាំងផ្ទុះខ្លាំងជាង ១០ដង បើធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima ប្រទេសជប៉ុនកាលពីអំឡុងឆ្នាំ១៩៤៥។ ជាងនេះទៅទៀត លោក Cirincione ក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន ផ្លាស់បូរទីតាំងកងទ័ពអាមេរិក ២,៥០០នាក់ នៅមូលដ្ឋានទ័ព Cirincione ផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងតួកគី និងសហរដ្ឋអាមេរិកចាប់ផ្ដើមតានតឹងនឹងគ្នាបន្ទាប់ពីមានរដ្ឋប្រហារមិនបានសម្រេចនៅតួកគី កាលពីខែកក្កដា ឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះនៅពេលនេះ តួកគីហាក់ដូចជាមិនសូវអើពើនឹងទីក្រុងវ៉ាស៊ីនតោនឡើយ ដោយថែមទំាងទៅចូលរួមជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ស្វែងរកបទឈប់បាញ់នៅស៊ីរី ដោយទុកសហរដ្ឋអាមេរិកចោលទៀតផង៕