(ញូយ៉ក)៖ វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ សម្រាប់ការស្វែងរកប្រភពទឹកនៅលើឋានព្រះច័ន្ទ ដែលជាផ្កាយរណបធម្មជាតិរបស់ផែនដី ប៉ុន្តែសម្រាប់ការហ៊ានអះអាងថា នៅក្នុងផ្ទៃព្រះច័ន្ទដ៏ហួតហែងមានលាក់នូវទឹករាវនោះ វាពិតជារឿងដែលភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះកន្លងមកទាំងអង្គការ NASA និងទីភ្នាក់ងារអវកាសមួយចំនួនធ្លាប់អះអាងហើយថា ព្រះច័ន្ទជាទីឋានស្លាប់ ហើយគ្មានទឹកនៅក្នុងស្រទាប់ក្នុងនោះឡើយ ដោយមានតែដុំថ្មរឹងប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។
តាមរយៈទិន្នន័យដែលត្រូវបានវិភាគ និងបញ្ជូនមកតាមរយៈផ្កាយរណប ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ Brown ក្នុងសហរដ្ឋអាមេរិក បានរកឃើញទឹកតិចតួចនៅក្នុងរណ្តៅភ្នំភ្លើង និងនៅក្នុងស្រទាប់ថ្មដែលរាលដាលនៅលើផ្ទៃរបស់ព្រះច័ន្ទ ដែលជាកន្លែងធ្លាប់មានភ្នំភ្លើងផ្ទុះឡើង កាលពីរាប់ពាន់លានឆ្នាំមុន។ ទិន្នន័យនេះអាចបញ្ជាក់បានថា ទឹកជាច្រើនកំពុងតែលាក់ខ្លួននៅក្នុងស្រទាប់ជ្រៅរបស់ព្រះច័ន្ទ ដែលស្ថិតនៅចន្លោះស្រទាប់ក្នុង និងស្នូលរបស់វាតែម្តង។
បន្ថែមពីខាងលើនេះ សាស្ត្រាចារ្យ Ralph Milliken ដែលដឹកនាំការសិក្សានេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន CNN ថា «ការរកឃើញកាលពីអតីត ចំពោះទឹកនៅលើឋានព្រះច័ន្ទនោះ មិនមែនបានមកពីប្រភពតិចតួចនោះទេ»។ ព្រះច័ន្ទត្រូវបានគេជឿជាក់ថា ត្រូវបានបង្កើតឡើងបន្ទាប់ពីវត្ថុអវកាសមួយប៉ុនភពអង្គារ បុកទង្គិចនឹងផែនដីពេញមួយទំហឹងកាលពីជាង ៤ពាន់លានឆ្នាំមុន ហើយវត្ថុធាតុជាច្រើនត្រូវបានបែកខ្ញែក និងប្រមូលផ្តុំ(ក្នុងនោះអាចមានទឹកផងដែរ) ក្លាយជាព្រះច័ន្ទដែលគោចរជុំវិញផែនដីតែម្តង ហេតុដូច្នេះទើបក្រុមអ្នកស្រាវជ្រាវ ពិបាកនឹងមិនជឿណាស់ថា នៅលើព្រះច័ន្ទគ្មានទឹកនោះ។
ទោះបីជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវនានាសន្មត់ថា ទឹកនៅលើព្រះច័ន្ទពិតជាមាន ប៉ុន្តែថាតើវាមានប្រភពមកពីណានោះ គឺជាសំនួរដែលមិនទាន់មានចម្លើយ។ វាក៏អាចជាពន្លឺដែរថា នឹងអាចមានបេសកកម្មរុករកទឹកនៅលើព្រះច័ន្ទ នាថ្ងៃអនាគតផងដែរ៕