(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃពុធនេះថា មនុស្សប្ដូរភេទទំាងអស់ មិនអាចចូលបម្រើការងារក្នុងជួរកងទ័ពអាមេរិក បានតទៅទៀតនោះទេ ត្បិតកងទ័ពអាមេរិក មិនអាចទទួលបន្ទុកដ៏ធ្ងន់ លើការចំណាយខាងថ្នាំពេទ្យឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅលើបណ្ដាញ Twitter លោក ត្រាំ បានលើកឡើងដូច្នេះថា៖«បន្ទាប់ពីពិគ្រោះយោបល់ជាមួយឧត្ដមសេនីយ៍ និងអ្នកជំនាញយោធារបស់ខ្ញុំ ពួកយើងយល់ថារដ្ឋាភិបាលអាមេរិក នឹង មិនទទួលយក ឬក៏អនុញ្ញាតឱ្យមនុស្សប្ដួរភេទចូលបម្រើការងារ ក្នុងជួរកងទ័ពអាមេរិកទៀតនោះទេ...កងទ័ពរបស់យើង ត្រូវផ្ដោតសំខាន់លើជ័យជម្នះ ហើយក៏មិនអាចទទួលបន្ទុកធ្ងន់ធ្ងរលើ ការចំណាយខាងថ្នាំពេទ្យ ឬក៏ការរំខានពីក្រុមមនុស្សប្ដូរភេទ នៅក្នុងជួរកងទ័ពអាមេរិកបានដែរ»។
គួររំលឹកថា កាលពីដើមខែកក្កដា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានប្រកាសពន្យាពេល០៦ខែ ពោលគឺរហូតដល់ខែមករា ឆ្នាំ២០១៨ ដើម្បីទុកពេលសម្រាប់បេក្ខជនប្ដូរភេទ ដាក់ពាក្យចូលបម្រើការការងារ ក្នុងជួរកងទ័ពអាមេរិក។ បច្ចុប្បន្ន បើតាមក្រសួងការពារជាតិអាមេរិក មនុស្សប្ដូរភេទចន្លោះពី២៥០០នាក់ ដល់៧០០០នាក់ កំពុងបម្រើការងារ ក្នុងចំណោមកងទ័ព អាមេរិក១,៣លាននាក់៕