(ប៉ារីស)៖ ក្រសួងការបរទេសបារាំង នៅថ្ងៃពុធនេះ បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង ហាក់ដូចជាផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយវាក៏អាចនឹងធ្វើឱ្យប៉ះពាល់ផងដែរដល់បណ្ដាក្រុមហ៊ុនអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារ សភាអាមេរិក បានអនុម័តក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង៣សំឡេង លើច្បាប់ដាក់ទណ្ឌកម្មថ្មីមួយ ប្រឆាំងកូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាកំណត់លទ្ធភាពមួយចំនួន របស់លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មពីទីក្រុងមូស្គូ។ ពាក់ព័ន្ធនឹងការអនុម័តច្បាប់នេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ដូច្នេះថា៖ «ច្បាប់បារាំងនិងច្បាប់អឺរ៉ុប គួរតែត្រូវបានកែតម្រូវឡើងវិញ ដើម្បីសម្របតាមការដាក់ទណ្ឌកម្មនេះ ហើយកិច្ចពិភាក្សាចាំបាច់ត្រូវតែធ្វើឡើង ក្រោមក្របខណ្ឌសហភាពអឺរ៉ុបពីព្រោះប្រជាជននិង ក្រុមហ៊ុនអឺរ៉ុប អាចនឹងប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរ»។
គួរបញ្ជាក់ថា ច្បាប់ដាក់ទណ្ឌកម្មថ្មី ត្រូវរង់ចាំការអនុម័តពីព្រឹទ្ធសភា និងចុះហត្ថលេខាពីលោក ដូណាល់ ត្រាំ ជាមុនសិន មុននឹងចូលជាធរមាន។ ប៉ុន្តែទន្ទឹមគ្នា ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ បានព្រមានថាពួកគេនឹងចាត់វិធានការសងសឹក បើសិនជាច្បាប់នេះចូលជាធរមានមែននោះ៕