(វ៉ាស៊ីនតោន)៖ សេតវិមាននៃលោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថាពួកគេនឹងធ្វើការសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងជោគវាសនារបស់រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Jeff Sessions បន្ទាប់ពីលោកត្រូវបានលោកត្រាំ រិះគន់យ៉ាងចាស់ដៃ ស្របពេលមនុស្សមួយចំនួនយល់ថាអតីតព្រឹទ្ធសមាជិកសភាមកពីរដ្ឋ Alabama រូបនេះមានតែជម្រើសលាលែងពីមុខ ដំណែងដោយខ្លួនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
ភាពចម្រូងចម្រាស់រវាងលោកដូណាល់ ត្រាំ និងលោក ជែហ្វ សែសសិន (Jeff Sessions) កើតមានឡើងបន្ទាប់ពីលោក សែសសិន ខ្លួនឯងបានសម្រេចចិត្តដកខ្លួនពីការស៊ើបអង្កេតរបស់ FBI ជុំវិញការលូកដៃពីរុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ កាសែត Washington Post ក៏បានរាយការណ៍ដែរថា លោកធ្លាប់បានជួបសន្ទនាជាសម្ងាត់ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergey Kisliak។ ដោយឡែក លោកត្រាំ ជាថ្មីម្ដងទៀត នៅក្នុងប្រអប់បញ្ចេញមតិលើ Twitter បានលើកឡើងដូច្នេះថា៖ «រដ្ឋមន្រ្តីយុត្តិធម៌ (អគ្គរដ្ឋអាជ្ញា) លោក ជែហ្វ សែសសិន បានប្រកាន់គោលជំហរទន់ខ្សោយជាទីបំផុតស្ដីពីបទឧក្រិដ្ឋរបស់ (លោកស្រី) ហ៊ីលឡារី គ្លីនតុន (ទាក់ទិន នឹងអ៊ីមែល និង Server របស់គណៈកម្មាធិការគណបក្សប្រជាធិបតេយ្យ (DNC) ដែលបានបែកធ្លាយ»។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែកក្កដា លោក ដូណាល់ ត្រាំ បានប្រាប់កាសែត New York Times ថាលោកពិតជាស្ដាយក្រោយណាស់ ដែលតែងតំាង លោក សែសសិន ជារដ្ឋមន្ត្រីយុត្តិធម៌ ហើយថាបើលោកដឹងមុនថាលោកសែសសិន ដកខ្លួនពីការស៊ើបអង្កេត នោះលោកក៏នឹងមិនតែងតាំងអតីតព្រឹទ្ធសមាជិកសភាមកពីរដ្ឋ Alabama រូបនេះដែរ៕