(វៀងច័ន្ទ)៖ ប្រទេសឡាវនឹងដាក់ខ្សែភាពយន្តចំនួនពីររបស់ខ្លួនមានចំណងជើងថា «At the Horizon» និង «Dearesst Sister» ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហាព្រឹត្តិការណ៍លំដាប់ពិភពលោក Oscars Award ឬក៏ Academy Award នាឆ្នាំក្រោយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ KPL ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ការសម្រិតសម្រាំងក៏ដូចជាជ្រើសរើសនៃភាពយន្តទាំងពីរខាងលើ សម្រាប់ការប្រកួតប្រជែងលក្ខណៈអន្តរជាតិនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មធិការផលិតខ្សែភាពយន្ត នៃប្រទេសឡាវផ្ទាល់ រួមទាំងក្រុមអ្នកជំនាញដទៃៗទៀត នៅក្នុងវិស័យខ្សែភាពយន្ត។ រឿង «Dearest Sister» គឺជាខ្សែភាពយន្តឡាវបែបភ័យរន្ធត់ ដែលត្រូវថតនៅក្នុងបណ្តាប្រទេសមិនតិចជាង ២៤នោះឡើយ ជុំវិញពិភពលោក ខណៈរឿង «At the Horizon» ដែលបានឈ្នះពានរង្វាន់ចំនួនបួនរួចស្រេចទៅហើយ រួមមានផ្នែក «ភាពយន្តល្អជាងគេបំផុត», «ផ្នែកអ្នកដឹកនាំល្អជាងគេបំផុត», «តួសម្តែងប្រុសល្អជាងគេបំផុត», និង «បទភ្លេងក្នុងសាច់រឿងល្អជាងគេបំផុត» នៅឯព្រឹត្តិការណ៍ Lao Entertainment Awards របស់ប្រទេសឡាវនោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតខ្សែភាពយន្តឡាវ Lao New Wave Cinema។
គួរបញ្ជាក់ដែរថា នេះគឺជាលើកទីមួយហើយ សម្រាប់ប្រជាជាតិអាស៊ានមួយនេះ ក្នុងការសម្រេចដាក់ខ្សែភាពយន្តរបស់ខ្លួន ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ Oscar Award ដែលជាព្រឹត្តការណ៍ធំបំផុត នៅក្នុងពិភពខ្សែភាពយន្តអន្តរជាតិ៕