រុស្ស៊ីព្រមានវាយបកវិញ «ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ» បើសិនលោក ត្រាំ ព្រមអនុម័តការដាក់ទណ្ឌកម្ម លើទីក្រុងម៉ូស្គូ!
26-07-2017 16:40
(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ីមួយរូបបាននិយាយថា ទីក្រុងម៉ូស្គូអាចនឹងប្រើប្រាស់វិធានការសេដ្ឋកិច្ច និងនយោបាយ បើសិនជាព្រឹទ្ធសភា និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមអនុម័តច្បាប់ដាក់ទណ្ឌកម្មលើរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik អនុប្រធានទីមួយនៃក្រុមប្រឹក្សាកិច្ចការបរទេសសហព័ន្ធរុស្ស៊ី លោក Vladimir Dzhabarov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានវិធានការជាច្រើននៅក្នុងដៃ... ហើយយើងនឹងចាត់វិធានការសេដ្ឋកិច្ច និងនយោបាយ បើសិនជាច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ត្រូវបានគាំទ្រដោយព្រឹទ្ធសភា និងលោក ដូណាល់ ត្រាំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសភាអាមេរិកបានអនុម័តក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង៣សំឡេង លើច្បាប់ដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងកូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ ក៏ដូចជាកំណត់លទ្ធភាព មួយចំនួនរបស់លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មពីទីក្រុងម៉ូស្គូ។ យ៉ាងណាក៏ដោយ ច្បាប់ថ្មីនេះត្រូវរង់ចាំការអនុម័តពីព្រឹទ្ធសភា និងចុះហត្ថលេខាពីលោក ត្រាំ ជាមុនសិន មុននឹងចូលជាធរមាន៕