(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងនាថ្ងៃអង្គារនេះថា ប្រទេសរបស់លោកកំពុងស្ថិតក្នុងសប្តាហ៍កាត់សេចក្តី ដ៏សំខាន់សម្រាប់សន្តិភាព នៅមុនពេលនៃការបោះឆ្នោតសភាធម្មនុញ្ញ (ANC) ដ៏ចម្រូងចម្រាសនាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ក្នុងឱកាសនៃការថ្លែងសុន្ទរកថាជាសាធារណៈនៅទីក្រុងការ៉ាកាស់ លោក Maduro បានលើកឡើងថា «ពួកយើងកំពុងសិ្ថតក្នុងសប្តាហ៍កាត់សេចក្តីដ៏សំខាន់បំផុត សម្រាប់វេណេស៊ុយអេឡា»។ បើតាមប្រមុខរដ្ឋរូបនេះ ប្រទេសវេណេស៊ុយអេឡា នឹងធ្វើការជ្រើសរើសរវាងសន្តិភាព ឬសង្រ្គាម, អនាគត ឬអតីតកាល, ឯករាជ្យភាព ឬភាពស្ថិតក្រោមអាណានិគម, និងអំណាចប្រជាជន ឬមួយក៏រដ្ឋប្រហារពួកចក្រពត្តិ។
គួរបញ្ជាក់ថា នាថ្ងៃទី៣០ ខែកក្កដា ពោលគឺចុងសប្តាហ៍នេះ ប្រជាជនវេណេស៊ុយអេឡាប្រមាណ ២០លាននាក់ នឹងត្រូវអញ្ជើញឲ្យទៅបោះឆ្នោតជ្រើសរើសសមាជិកចំនួន ៥៤៥រូបនៃ ANC ដែលនឹងត្រូវរៀបរៀងឡើងនូវរដ្ឋធម្មនុញ្ញថ្មីមួយ។ យ៉ាងណាមិញគណបក្សប្រឆាំង MUD របស់វេណេស៊ុយអេឡា បានធ្វើបាតុកម្មជាបន្តបន្ទាប់ ដោយមិនបន្ធូរបន្ថយដៃនោះឡើយចំពោះរឿងនេះ ដោយពួកគេបានអះអាងថា គឺជាចំណាត់ការក្តោបក្តាប់អំណាចរបស់ លោក Maduro ហើយបាតុកម្មដែលបានផ្ទុះឡើងចាប់តាំងតែខែមេសា ប្រឆាំងនឹងរដ្ឋាភិបាលលោក Nicolas Maduro បានឆក់យកជីវិតមនុស្សយ៉ាងតិចចំនួន ១០២នាក់ហើយ។
គួរជម្រាបបន្ថែមថា កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវឲ្យមានការបោះឆ្នោតថ្ងៃទី៣០ ខែកក្កដានេះ ដោយលើកឡើងថា វាគឺជាមធ្យោបាយតែមួយគត់ ដែលអាចស្រោចស្រង់ប្រទេសអាមេរិកឡាទីនមួយនេះ ចេញពីស្ថានភាពវិបត្តិនយោបាយ ក៏ដូចជាសេដ្ឋកិច្ចនាសព្វថ្ងៃនេះ៕