(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចោទប្រកាន់រដ្ឋាភិបាលយោធាថៃថា បានព្យាយាមប្រើប្រាស់ឥទ្ធិពល លើការសម្រេចចិត្តរបស់តុលាការកំពូល ពាក់ព័ន្ធនឹងគោលនយោបាយទិញស្រូវពីកសិករថៃ ព្រមទំាងចាប់ផ្ដើមរឹបអូសទ្រព្យសម្បតិ្តរបស់លោកស្រីទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
លោកស្រី យីងឡាក់ បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «វាមើលទៅហាក់ដូចជារដ្ឋាភិបាល កំពុងព្យាយាមបង្កើតលក្ខខណ្ឌមួយ ដើម្បីប្រើប្រាស់ឥទ្ធិពលលើសំណុំរឿងមុននឹងតុលាការកំពូលធ្វើការសម្រេចចិត្ត ជុំវិញគោលនយោបាយសន្យាទិញស្រូវពីកសិករថៃ... ចុងបញ្ចប់រដ្ឋាភិបាលបានធ្វើវា ពីព្រោះពួកគេគិតថា ខ្លួនមានអំណាច និងអាចអនុវត្តន៍សិទ្ធិដោយ មិនចាំបាច់រង់ចំាមានការសម្រេចពីតុលាការ»។ បន្ថែមពីលើនេះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានអះអាងដែរថា គណនីធនាគាររបស់លោកស្រី ត្រូវបានបង្កក រីឯទ្រព្យសម្បតិ្តអាចនឹង ត្រូវបានគេរឹបអូស។ តែយ៉ាងណាក៏ដោយ លោកស្រី យីងឡាក់ នៅតែប្រកាន់គោលជំហរមិនរាថយ ព្រមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញថា លោកស្រីមិនបានប្រព្រឹត្តកំហុសអ្វីទំាងអស់។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា អតីតនាយករដ្ឋមន្ត្រីជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ រូបនេះ ពិតជាបានប្រព្រឹត្តកំហុសទាំងឡាយ ដូចការចោទប្រកាន់មែននោះ ជាពិសេសគឺការធ្វើឱ្យខាតបង់ថវិកាជាតិជាង ៥៣០ពាន់លានបាត ដោយសារតែគោលនយោបាយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់៕