(ញូដេលី)៖ អាកាសយានិកចំនួនពីរូប ដែលបម្រើការឲ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India ត្រូវបានព្យួរការងារជាបណ្តោះអាសន្ន ដោយសារតែកំហុសឆ្គងជាមូលដ្ឋានមួយ ដែលពុំគួរឲ្យកើតមានឡើងទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ដោយហោះហើរចេញពីទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែកក្កដា អាកាសយានិកជាស្រ្តីចំនួនពីររូប បានចាប់ផ្តើមការធ្វើដំណើររបស់ពួកគេ ដែលមានរយៈពេលជិតបីម៉ោងទៅកាន់ទីក្រុង Mumbai ដែលស្ថិតនៅភាគខាងលិចប្រទេស ប៉ុន្តែក្រោយពីធ្វើការហោះហើរបានជាងកណ្តាលផ្លូវ អ្នកទាំងពីរបានមើលឃើញថា សាំងយន្តហោះ មានការស្រកចុះលឿនខ្លាំងខុសពីធម្មតា។ យ៉ាងណាមិញ ដោយមិនដឹងពីមូលហេតុ ពួកគេបានសម្រេចចិត្តចុះចតនៅឯទីក្រុង Nagpur ដើម្បីបញ្ចូលសាំងបន្ថែម មុនពេលបញ្ចប់ការធ្វើដំណើររបស់ពួកគេ។ ស្របពេលដែលអាកាសយានិកទាំងពីររូប ចាប់ផ្តើមរៀបចំធ្វើការចុះចតនោះ ពួកគេក៏បានដឹងថា កត្តាដែលបានបង្កភាពខុសប្រក្រតីបែបនេះ គឺដោយសារកង់របស់យន្តហោះមិនត្រូវបានលើកឡើងនោះឡើយ ចាប់តាំងតែពីពេលចេញដំណើរមក។
គួរបញ្ជាក់ថា តាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ អាកាសយានិកតែងតែលើកកង់របស់យន្តហោះ បន្ទាប់ពីបានហោះឡើងពីអាកាសយានដ្ឋាន ហើយដោយយោងទៅលើទម្ងន់របស់យន្តហោះ ការភ្លេចភ្លាំងបែបនេះនឹងបណ្តាលឲ្យយន្តហោះនោះស៊ីសាំងច្រើនលើសពីធម្មតា។ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើងអាកាសយានិកទាំងពីររូប ដែលបានធ្វើការហោះហើរជាមួយអ្នកដំណើរជិត ១០០នាក់នោះ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន៕