(ប៉េកាំង)៖ ចិនបានវ៉ាដាច់សហរដ្ឋអាមេរិក កា្លយជាទីផ្សារអាកាសចរណ៍ស៊ីវិល ដ៏ធំបំផុតនៃទីផ្សារបញ្ជាទិញឧទ្ធម្ភាគចក្ររបស់ ក្រុមហ៊ុនផលិតយន្ដហោះអឺរ៉ុប Airbus។ នេះបើតាមអគ្គនាយកក្រុមហ៊ុន Airbus ផលិតឧទ្ធម្ភាគចក្រប្រចំាប្រទេសចិន លោកស្រី Marie-Agnes Veve ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ ស៊ីនហួរ លោកស្រី Marie-Agnes Veve បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនគឺជាទីផ្សារដ៏មានសក្ដានុពលជាមួយអត្រាកំណើនប្រចាំឆ្នាំ ២០ភាគរយ... ហើយ ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ Airbus កំពុងសម្លឹងមើលសក្ដានុពលនេះ។ ដូច្នេះក្រុមហ៊ុន មានបំណងបង្កើតទំនាក់ទំនងជាដៃគូ ឱ្យកាន់តែប្រសើរឡើងជាមួយចិន ដែលជាទីផ្សារដ៏ធំសម្បើមរបស់ពួកយើង ក៏ដូចជាដៃគូយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន Airbus បានលក់ឧទ្ធម្ភាគចក្រស៊ីវិល ៣៥គ្រឿងឱ្យចិន ខណៈនៅ ១០ឆ្នាំខាងមុខគេរំពឹងថា ចិនអាចនឹងទិញយន្ដហោះ និងឧទ្ធម្ភាគចក្រប្រមាណ ១០០គ្រឿង ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ៕