(ម៉ូស្គូ)៖ កងនាវាចម្បាំងចិន និងរុស្ស៊ី បានចូលរួមសមយុទ្ធយោធាបាញ់គ្រាប់ពិតរួមគ្នា នៅឯសមុទ្របាល់ទិច សំដៅបង្កើនចំណងមិត្តភាពយោធា ឱ្យកាន់តែស៊ីជម្រៅរវាងមហាអំណាចទំាងពីរ ខណៈទីក្រុងម៉ូស្គូ កំពុងមានភាពតានតឹងទំនាក់ទំនងយោធា ជាមួយអង្គការណាតូរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។
នាវាពិឃាតចិន Hefei destroyer, នាវា Yuncheng និង នាវា Lomahu បានចូលរួមនៅក្នុងសមយុទ្ធយោធាជើងទឹកឆ្នាំ២០១៧ ជាមួយរុស្ស៊ី ដោយរួមមានទំាងការបាញ់គ្រាប់កាំភ្លើង ប្រឆាំងគោលដៅសត្រូវនៅលើអាកាស។ ចំណែកឯរុស្ស៊ីក៏បានអះអាងដែរថា ឧទ្ធម្ភាគចក្រ និងយន្ដហោះទម្លាក់គ្រប់បែក Su-24 ក៏នឹងត្រូវចូលរួមនៅក្នុងសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងប្រឆាំងនាវា ក្រោមការសម្របសម្រួលពីមូលដ្ឋាន Baltiysk ក្នុងទីក្រុង Kaliningrad។ សមយុទ្ធយោធានេះបានចាប់ផ្ដើមពីថ្ងៃទី២១ និងគ្រោងអូសបន្លាយដល់ថ្ងៃទី២៨ ខែកក្កដា នៅឯសមុទ្របាល់ទិច។
គួរបញ្ជាក់ថា សមយុទ្ធធាសមុទ្ររវាងរុស្ស៊ី និងចិន ធ្វើឡើងនៅចំពេលទីក្រុងម៉ូស្គូ កំពុងមានភាពតានតឹងជាមួយអង្គការណាតូ ដែលបាននិងកំពុងពង្រីកឥទ្ធិពលយោធា ក៏ដូចជាធ្វើសមយុទ្ធ យោធាជាមួយបណ្ដាប្រទេសអឺរ៉ុបខាងកើត មានព្រំដែនជាប់រុស្ស៊ី។ ម្យ៉ាងវិញទៀត សមយុទ្ធយោធានៅសមុទ្របាល់ទិច អាចជាការគំរាមកំហែងដោយប្រយោលមួយដល់ប្រទេសក្នុងតំបន់ បាល់ទិច ដូចជា អេស្ដូនី, លីតូនី និងលីតទុយអានី ដែលចោទប្រកាន់ទីក្រុងម៉ូស្គូថា បានបញ្ចូនយន្ដហោះចម្បាំងធ្វើការហោះហើរជារឿយៗ រំលោភចូលដែនអាកាសរបស់ពួកគេ៕