(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert បាននិយាយថា លោករដ្ឋមន្ត្រីការបរទេស លោក Rex Tillerson នឹងនៅតែបន្តកាន់ដំណែងដដែល បើទោះជាមានសេចក្ដីរាយការណ៍ថា លោកនឹងលាលែងពីដំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ការអះអាងខាងលើរបស់ លោក Heather Nauert ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ។ អ្នកនាំពាក្យរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រីការបរទេស (Rex Tillerson) ពិតជាច្បាស់ណាស់ថា គាត់មានបំណងបន្តស្ថិតនៅទីនេះ គឺនៅក្រសួងការបរទេស»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសា្ថនីយ៍ទូរទស្សន៍ CNN បានរាយការណ៍ថា លោក Tillerson កំពុងពិចារណាលាលែងពីតំណែងជារដ្ឋមន្ត្រីការបរទេស មុនដំណាច់ឆ្នាំ២០១៧នេះ ដោយសារតែការ ខកបំណងចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈបើតាមប្រភពខ្លះថា លោកមានការខ្វែងគំនិតគ្នាច្រើនជាមួយសេតវិមាន ក្នុងនោះរួមទំាងបញ្ហាបុគ្គលិកនៅក្រសួងការបរទេស និងគោលនយោបាយពាក់ព័ន្ធនឹងអ៊ីរ៉ង់ជាដើម៕