(សេអ៊ូល)៖ កូរ៉េខាងជើងនឹងរៀបចំខួបលើកទី ៦៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ដែលជាថ្ងៃមួយត្រូវបានទីក្រុងព្យុងយ៉ាងចាត់ទុកថា ជាជោគជ័យក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញអាមេរិកខ្លះយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មី ដើម្បីចូលរួមអបអរសាទរពិធីរំលឹកខួបនេះ និងជាសារមួយដ៏រឹងមាំផ្ញើជូនទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញការសន្និដ្ឋាននេះដែរ សារព័ត៌មាន CNN កាលពីថ្ងៃអង្គារបានរាយការណ៍ថា កូរ៉េខាងជើង បានចល័តយានយន្ដមួយចំនួនធ្វើការដឹកជញ្ជូនបរិក្ខារ ដែលទំនងដូចជាកំពុងត្រៀមបាញ់សាក ល្បងមីស៊ីលនៅឯតំបន់ Kusong នៃខេត្ត Pyongan ខាងជើង។ ដោយឡែកក្នុងថ្ងៃដដែល ទីក្រុងព្យុងយ៉ាង ក៏បានព្រមានថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់កម្ទេចបេះដូងរបស់សហរដ្ឋអាមេរិក បើសិជាទីក្រុងវ៉ាស៊ីនតោន ហ៊ានផ្សងព្រេងផ្ដួលរំលំ ឬក៏ចង់ផ្លាស់ប្ដូររបបដឹកនាំលោក គីម ជុងអ៊ុន ហើយការព្រមានបែបនេះធ្វើឡើងបន្ទាប់ពីនាយក CIA លោក Mike Pompeo បាននិយាយនៅអំឡុងវេទិកាសន្តិសុខមួយថា វាអាចទៅរួចក្នុងការផ្លាស់ប្ដូររបបនៅកូរ៉េខាងជើង។
«បើសិនជាសហរដ្ឋអាមេរិកចង់ប្រាថ្នាសម្លាប់ ឬផ្ដួលរំលំមេដឹកនាំកំពូលរបស់យើង នោះយើងនឹងវាយប្រហារលើពួកគេដោយគ្មានត្រាប្រណី ដើម្បីកម្ទេចបេះដូងសហរដ្ឋអាមេរិក ជាមួយអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលរបស់យើង»។ នេះបើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។
គួររំលឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ICBM កាលពីថ្ងៃទី០៤ ខែកក្កដា ព្រមទំាងអះអាងថា មីស៊ីលនេះអាចបាញ់ដល់គោលដៅសត្រូវទំាងអស់ នៅគ្រប់ទីកន្លែងនៅលើភពផែនដី ហើយទំាងបញ្ជាក់ថា ខ្លួននឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរជាដាច់ខាត បើសហរដ្ឋអាមេរិកនៅតែប្រកាន់គោលនយោបាយអរិភាព៕