(អាមេរិក)៖ ភាពស្រមើស្រមៃអំពីទីអវកាស ពិតជាគ្មានដែនកំណត់ឡើយ ដែលពេលខ្លះវាស្ទើរតែនាំឲ្យមនុស្សទាំងអស់យល់ថា មិនអាចកើតឡើងទៅបាន ទោះបីជារាប់រយ ឬរាប់ពាន់ឆ្នាំទៅមុខទៀតក៏ដោយ ប៉ុន្តែសម្រាប់រូបភាពទាំងប៉ុន្មានខាងក្រោមនេះ វាហាក់ដូចជាមិនពិបាកខ្លាំងក្នុងការឲ្យកើតមានឡើងនោះឡើយ ប៉ុន្តែសម្រាប់មនុស្ស ឬក្រុមណាមួយដែលចង់បង្កើតទីក្រុងអវកាសមួយនេះឡើង ពួកគេត្រូវតែប្រាកដច្បាស់ក្នុងចិត្តថា មានបច្ចេកវិទ្យាដែលអាចធានាសុវត្ថិភាពកម្រិតខ្ពស់ និងហិរញ្ញវត្ថុដ៏មហាសាលគ្រប់គ្រាន់សម្រាប់បញ្ចប់គំរោងដ៏មហិមានេះ។ នេះបើយោងតាមប្រភពពីវែបសាយ Business Insider។
ជាការពិតណាស់ បណ្តារូបភាពខាងក្រោមនេះ គឺវាកើតមានឡើងតាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ គឺក្រោយពី NASA បានសម្រេចជោគជ័យនៃការនាំមនុស្ស ឡើងទៅលើឋានព្រះច័ន្ទ ដែលកាលណោះមនុស្សពិតជាមានមោទនភាព លើសមត្ថភាពរបស់ខ្លួនយ៉ាងពិតប្រាកដ ហើយវាក៏ធ្វើឲ្យពួកគេកាន់តែបង្កើនមហិច្ឆតា តាមរយៈការបង្កើតគំរោង និងក្តីស្រមើស្រមៃថ្មីៗ ប្រកបដោយភាពអស្ចារ្យស្ទើរនឹកស្មានមិនដល់ផងដែរ។
និយាយអំពីទីក្រុងអវកាសចល័ត ឬនាវាអវកាសដ៏មហិមានេះវិញ វាគឺជាគំរោងដែលគ្មានប្រទេសណាមួយអាចសម្រេចបានតែឯងនោះឡើយ ដោយសារតែភាពធំធេងរបស់វា។ ទីក្រុងអវកាសនេះ ត្រូវការយកធនធានទាំងអស់ដែលយកចេញពីផែនដី ដើម្បីទៅកសាងមូលដ្ឋានបន្តិចម្តងៗនៅទីអវកាស។ វានឹងត្រូវបូករួមទាំងប្រព័ន្ធការពាររលកវិទ្យុសកម្មពីព្រះអាទិត្យ, ផ្ទៃដីសម្រាប់ដាំដុះ, គ្រឿងសំណង់សម្រាប់កសាងមូលដ្ឋាន និងលំនៅឋាន, ព្រមទាំងបច្ចេកវិទ្យាដែលអាចបង្កើតជាទំនាញនៅលើនោះផ្ទាល់ បូករួមនិងថាមពលសម្រាប់ប្រើប្រាស់ប្រកបដោយចីរភាព។
ទោះបីជាបែបនេះក្តី គំនិតខាងលើនេះ ហាក់កាន់តែសាបរលាបពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែមនុស្សមិនអាចមានធនធានគ្រប់គ្រាន ហើយវាក៏គ្មានភាពចាំបាច់អ្វី ដែលត្រូវទៅចំណាយធនធានដ៏មហិមាក្នុងការបង្កើតទីក្រុងអវកាសនោះឡើងដែរ។ វាគ្រាន់តែជាការស្រមៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីរក្សាពូជពង្សមនុស្សលោក ក្នុងករណីដែលផែនដីនឹងត្រូវរលំរលាយប៉ុណ្ណោះ៕