(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលនឹងដាក់ទណ្ឌកម្មក្នុងលក្ខណៈជាចង្កោម ទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
សភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៤១៩ ទល់នឹង ០៣ ចំពោះសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ ដែលព្យាយាមរារាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យមានលទ្ធភាពធ្វើការសម្រេចជាឯកតោភាគី ក្នុងការដកទណ្ឌកម្មចេញពីប្រទេសរុស្ស៊ីបានឡើយ។ ម៉្យាងវិញទៀតវានឹងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មបន្ថែមថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ ជុំវិញមន្ទិលសង្ស័យដែលថា រុស្ស៊ីបានលូកដៃចូលនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ជាងនេះទៅទៀតសេចក្តីព្រាងច្បាប់នេះ ក៏នឹងដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ក៏ដូចជាកូរ៉េខាងជើងផងដែរ ដើម្បីឆ្លើយតបចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេ។
ក្រៅពីការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសទាំងបី សេចក្តីព្រាងនេះក៏នឹងផ្តល់ឲ្យសភានូវអំណាច ដើម្បីហាមឃាត់ លោក ដូណាល់ ត្រាំ មិនឲ្យលើកទណ្ឌកម្មចេញពីរុស្ស៊ីផងដែរ បន្ទាប់ពីមន្រ្តីរដ្ឋបាល លោក ដូណាល់ ត្រាំ បានស្នើឲ្យក្រុមអ្នកតំណាងរាស្រ្តទាំងអស់ ផ្តល់ភាពបត់បែនដ៏ប្រសើរសម្រាប់សេតវិមានក្នុងការដោះស្រាយជាមួយប្រទេសរុស្ស៊ី។ យោងតាមសេចក្តីព្រាងដដែលនេះ សភានឹងមានអំណាចប្រើប្រាស់សិទ្ធិវេតូ ចំពោះការសម្រេចចិត្តនានារបស់ លោក ត្រាំ ដែលនឹងកែប្រែគោលនយោបាយអាមេរិក ពាក់ព័ន្ធជាមួយប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមានថ្មី លោកស្រី Sarah Huckabee Sanders បានឲ្យសញ្ញាថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងទទួលយកសេចក្តីព្រាងច្បាប់ថ្មីនេះ ដោយផ្ទុយពីជំហរជំទាស់កាលពីដំបូង៕