(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងជើងបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចស្រេចដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានមានគំនិតណាមួយចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយការព្រមាននេះធ្វើឡើងអំឡុងពេលកូរ៉េខាងជើងខ្លួនឯង កំពុងត្រៀមរៀបចំខួបលើកទី ៦៤ នៃការបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ដែលនឹងត្រូវប្រពឹ្រត្តទៅ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០១៧។
យោងតាម KCNA កងទ័ពកូរ៉េខាងជើងមានទំាងជើងគោក កងម៉ារីន និងទ័ពអាកាស នៃកងទ័ពប្រជាជនកូរ៉េ បានស្បថស្បែរកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេត្រៀមលក្ខណៈរួចរាល់ ក្នុងការដឹកនាំការធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក បើសិនមានការឈ្លានពានណាមួយ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីនៃជោគជ័យក្នុងសង្រ្គាមពីជំនាន់មួយទៅជំនាន់មួយ ក៏ដូចជានាំជោគជ័យថ្ងៃទី ២៧ ខែកក្កដា ឱ្យបានកាន់តែឆាប់។ តែយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយដែលទីក្រុងព្យុងយ៉ាង ព្រមានបែបនេះ។ ចំណែកឯក្រុមអ្នកជំនាញកូរ៉េខាងត្បូងវិញយល់ថា ទីក្រុងព្យុងយ៉ាងអាចនឹងយកថ្ងៃទី២៧ ស្អែកនេះ ជាថ្ងៃបាញ់សាកល្បងមីស៊ីលផ្លោងជាថ្មីម្ដងទៀត។
គួរបញ្ជាក់ថា បើតាម CNN កូរ៉េខាងជើង បានចល័តយានយន្ដមួយចំនួនធ្វើការដឹកជញ្ជូនបរិក្ខារ ដែលទំនងដូចជាកំពុងត្រៀមបាញ់សាកល្បងមីស៊ីលនៅឯតំបន់ Kusong នៃខេត្ត Pyongan ខាងជើង៕