(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថា ប្រទេសរបស់លោកប្តេជ្ញារឹតចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសចិន ដោយការប្រកាសបែបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរសខ្លាំងរបស់ប្រទេសអាស៊ានមួយនេះ បានព្រលះអាមេរិកសាជាថ្មីថា លោកគ្មានថ្ងៃទៅទស្សនកិច្ចនៅលើទឹកដីអន់ៗ និងស្មោគគ្រោកដូចជាសហរដ្ឋអាមេរិកនោះឡើយ ទោះបីជាលោក ដូណាល់ ត្រាំ អញ្ជើញលោកទៅធ្វើទស្សនកិច្ចក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។
នៅក្នុងកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកកាន់រដ្ឋធានីម៉ានីល លោក ឌូតឺតេ ប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឋានៈរបស់ប្រទេសហ្វីលីពីន គឺសំខាន់ណាស់នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន ដែលជាប្រទេសដ៏មានឥទ្ធិពលមួយនៅលើពិភពលោក»។ បន្ថែមពីនេះ លោក ឌូតឺតេ ក៏បានសម្តែងការកោតសរសើរចំពោះប្រទេសចិន ដែលបានបង្កើនតួនាទីរបស់ខ្លួន នៅក្នុងការកសាងប្រទេសហ្វីលីពីន ជាពិសេសនោះគឺចិនគាំទ្រចំពោះប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មផងដែរ។
ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង តំណាងឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្តែងការគាំទ្រពេញទំហឹងចំពោះនយោបាយការបរទេសដ៏ឯករាជ្យរបស់ប្រទេសហ្វីលីពីន ហើយវាប្រាកដណាស់ថា ទំនាក់ទំនាងរវាងចិន និងហ្វីលីពីន បានស្គាល់ការរីកលូតលាស់ទៅមុខ ក្រោមការចង្អុលបង្ហាញផ្ទាល់ដោយប្រធានាធិបតីនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ចាប់តាំងពី លោក ឌូតឺតេ ឡើងកាន់អំណាចកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦មក ជាងមួយឆ្នាំមកនេះទំនាក់ទំនងរវាង ហ្វីលីពីន-អាមេរិក កាន់តែដាច់ឆ្ងាយហើយរវាង ហ្វីលីពីន-ចិនកាន់តែខិតមកជិតស្និទ្ធ ខណៈបញ្ហាសមុទ្រចិនខាងត្បូងដ៏រសើបនោះ ក៏ហាក់មានសភាពស្ងប់ស្ងាត់បន្តិចផងដែរ៕