(ហ្សាការតា)៖ មនុស្សយ៉ាងតិច១០នាក់បានបាត់បង់ជីវិត ខណៈ៣៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ ដោយក្នុងចំណោមនោះមាន០៥នាក់ បានទទួលរងរបួសជាទម្ងន់ បន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿង បានលិចទៅក្នុងផ្ទៃប៉ែកខាងជើងកោះ Borneo ភាគកណ្តាល ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃអង្គារនេះ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្សសរុបចំនួន៣៦នាក់ ត្រូវបានជួយសង្រ្គោះដោយសុត្ថិភាព ក្រោយហេតុការណ៍លិចទូកខាងលើ ខណៈទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា មនុស្សយ៉ាងចំនួន១០នាក់បានស្លាប់។ ដោយឡែកមនុស្សជាច្រើននាក់ ក៏បានទទួលរងរបួសផងដែរ ក៏ប៉ុន្តែ០៥នាក់ក្នុងចំណោមនោះ កំពុងបន្តទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ដោយសារតែរបួសធ្ងន់ធ្ងររបស់ពួកគេ។
ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រតិបត្តិការរុករកនិងជួយសង្រ្គោះបានបញ្ចប់ហើយ កាលពីល្ងាច ថ្ងៃអង្គារនេះ ក៏ប៉ុន្តែពួកគេក៏នឹងនៅទន្ទឹងរង់ចាំសេចក្តីរាយការណ៍ ឬពាក្យបណ្តឹងនានា ដែលអាចត្រូវធ្វើឡើងដោយក្រុមគ្រួសារ ឬបងប្អូនសាច់ញាតិដែលមាន សមាជិក កំពុងតែបាត់ខ្លួនផងដែរ ព្រោះថាបើតាមសេចក្តីរាយការណ៍ព័ត៌មានពីដំបូងឡើយ ទូកដែលបានជួបគ្រោះថ្នាក់ខាងលើមានដឹកមនុស្សចំនួន៤៧នាក់៕