(សេអ៊ូល)៖ អនុប្រធានក្រុមអ្នកចរចានុយក្លេអ៊ែរុស្ស៊ី លោក Oleg Burmistrov បានបំពេញដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ ជាមួយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ខណៈអ្នកជំនាញខ្លះយល់ថា ទីក្រុងម៉ូស្គូកំពុងធ្វើតេស្ដទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង។ នេះបើតាម KCNA ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA លោក Oleg Burmistrov អនុប្រធានក្រុមអ្នកចរចានុយក្លេអ៊ែររុស្ស៊ី ដែលបន្ទុកលើកិច្ចចរចា ០៦ភាគី ស្ដីពីនុយក្លេអ៊ែរកូរ៉េខាងជើង រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និងរុស្ស៊ី បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល០៤ថ្ងៃ។ ជាមួយគ្នានោះ KCNA ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាងនៅតែប្រកាន់ជំហរមិនចរចា លើប្រធានបទអាវុធនុយក្លេអ៊ែរជាដាច់ខាត បើសិនជាសហរដ្ឋអាមេរិកនៅតែប្រកាន់គោលនយោបាយអរិភាព។
«យើងបានប្រាប់គាត់ (លោក Oleg Burmistrov) ថាបើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមបោះបង់ចោលគោលនយោបាយអរិភាព និងគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ប្រឆាំងកូរ៉េខាង ជើងទេនោះ យើងក៏គ្មានហេតុផលអ្វីត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងដែរ ហើយយើងនឹងរឹតតែបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ ឱ្យកាន់ខ្លាំងទៅទៀត»។ នេះជាការគូសបញ្ជាក់របស់ KCNA។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ICBM កាលពីថ្ងៃទី០៤ ខែកក្កដា ព្រមទំាងអះអាងថា មីស៊ីលនេះអាចបាញ់ដល់គោលដៅសត្រូវទំាងអស់ នៅគ្រប់ទីកន្លែងនៅលើភពផែនដី។ ចំណែកឯក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តសេចក្ដីថ្លែងការណ៍ ថ្កោលទោសទីក្រុងព្យុងយ៉ាងដោយសារមានការជំទាស់ពីរុស្ស៊ី៕