(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធរហូតដល់ទៅ ១៤៣នាក់ រួមបញ្ចូលទាំងមេបញ្ជាការពួកគេចំនួន ០៩នាក់ផងដែរនោះបានបាត់បង់ជីវិត និង១៧នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងអំឡុងប្រតិបត្តិការទម្លាប់គ្រាប់បែក តាមផ្លូវអាកាសយ៉ាងចាស់ដៃពីសំណាក់កងទ័ពអាហ្វហ្គានីស្ថាន នៅខេត្ត Faryab ភាគខាងជើងនៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពអាហ្វហ្គានីស្ថាន កងកម្លាំងសន្តិសុខនៃប្រទេសនេះ បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងរបស់ក្រុមឧទ្ទាមតាលីបង់ នៅតាមតំបន់ជាច្រើននៃស្រុក Kohistanat រួមទាំងស្រុកក្បែរខាងមួយចំនួនទៀតដូចជា Qaisar និង Shirin Tagab កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ហើយជាលទ្ធផលបានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធសរុបចំនួន ១៤៣នាក់ និងបណ្តាលឲ្យ ១៧នាក់ទៀតរបួស។
គួរបញ្ជាក់ថា ស្រុក Kohistanat ធ្លាប់ក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធតាលីបង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយចាប់តាំងពីពេលនោះមក កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើការវាយលុកជាបន្តបន្ទាប់ ដើម្បីដណ្តើមការគ្រប់គ្រងមកវិញ។ ដោយឡែកពួកឧទ្ទាមតាលីបង់នេះ ដែលបានបង្កើនសកម្មភាពរបស់ខ្លួន ចាប់តាំងពីចុងខែមេសាមក បានធ្វើកាន់កាប់ស្រុកយ៉ាងហោចណាស់ចំនួនបី ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅនេះ៕