(ការ៉ាកាស)៖ ការដាក់ទណ្ឌកម្ម ឬសម្ពាធពីសហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា មិនអាចជួយឱ្យស្ថានភាពប្រសើរឡើងឡើយ ក្រៅតែបង្កើតបញ្ហាកាន់តែច្រើនឡើងនៅ ក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមអ្នកវិភាគនយោបាយម៉ិចស៊ីកូ លោក Jose del Tronco ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
លោក Tronco ជាសាស្ត្រាចារ្យមួយរូបមកពីវិទ្យាស្ថាន Latin American Social Science Institute បានផ្ដល់បទសម្ភាសន៍ឱ្យស៊ីនហួរ ពីស្ថានភាពនៅប្រទេសវេណេស៊ុយអេឡា ដែលនឹងត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ជ្រើសរើសសមាជិកសភាធម្មនុញ្ញ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ សាស្ត្រាចារ្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការដាក់ទណ្ឌកម្មរបស់ហរដ្ឋអាមេរិក នឹងមិនជំរុញឱ្យរដ្ឋាភិបាលវេណេស៊ុអេឡា បើកកិច្ចសន្ទនាជាមួយគណបក្សប្រឆាំងនោះទេ... ហើយខ្ញុំក៏គ្មានសុទិដ្ឋិនិយមដែរ ពីព្រោះការដាក់សម្ពាធ រួមទាំងទណ្ឌកម្មសេដ្ឋកិច្ចនឹងបង្កឱ្យស្ថានភាពកាន់តែអាក្រក់ឡើង ក៏ដូចជាជម្លោះកាន់តែច្រើន នៅក្នុងប្រទេសវេណេស៊ុយអេឡាតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិករបស់ លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានព្រមានរដ្ឋាភិបាលវេណេស៊ុយអេឡាថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមបើសិនជា សភាធម្មនុញ្ញត្រូវបង្កើតឡើង ក្នុងការបោះឆ្នោតនៅថ្ងៃទី៣០ ខែកក្កដាមែននោះ៕