(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើឱ្យរដ្ឋាភិបាលអាមេរិក ម៉ិចស៊ីកូ និងកូឡុំប៊ី ពន្យល់នូវអ្វីដែលលោកផ្ទាល់បានចោទប្រកាន់បណ្ដាប្រទេសទាំងនេះថា បានរួមគំនិតជាមួយទីភ្នាក់ងារចារកម្មអាមេរិក CIA ក្នុងការរៀបចំផែនការទម្លាក់រូបលោកចេញពីដំណែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងពិធីជួបជុំយោធាមួយកាលពីថ្ងៃចន្ទ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ត្រង់តែម្ដងៗថា នាយក CIA លោក Mike Pompeo បានធ្វើការងាររួមគ្នាជាមួយរដ្ឋាភិបាលម៉ិចស៊ីកូ និងកូឡុំប៊ី ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ដែលកំពុងប្រឈមនឹងបាតុកម្មតវ៉ា ពីសំណាក់ក្រុមប្រឆាំងគាំទ្រដោយសហរដ្ឋអាមេរិក។ «ខ្ញុំស្នើឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពន្យល់និងបញ្ជាក់ឱ្យបានច្បាស់ពីពាក្យពេចន៍បង្ករឿង និងការអន្តរាគមន៍និយមរបស់នាយក CIA ដែលគិតថា សហរដ្ឋអាមេរិកជារដ្ឋាភិបាលពិភពលោក»។ នេះបើតាមលោក នីកូឡាស់ ម៉ាឌូរ៉ូ។
ការថ្លែងបែបនេះរបស់ លោក ម៉ាឌូរ៉ូ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសវេណេស៊ុអេឡា លោក Samuel Moncada បានចេញផ្សាយឡើងវិញនូវសម្រង់សម្ដីនៃ លោក Mike Pompeo និយាយនៅអំឡុងវេទិកាសន្តិសុខមួយក្នុងទីក្រុង Aspen រដ្ឋ Colorado កាលពីថ្ងៃទី២០ ខែកក្កដា ដោយមានខ្លឹមសារថា «ខ្ញុំបានស្ថិតនៅរដ្ឋធានី Bogota (កូឡុំប៊ី) និងទីក្រុង Mexico (ម៉ិចស៊ីកូ) កាលពីជាងពីរសប្ដាហ៍មុន ហើយខ្ញុំបានលើកឡើងពីនយោបាយអន្តរកាល នៅវេណេស៊ុយអេឡា តាមរយៈការព្យាយាមពន្យល់ពួកគេ (ប្រជាជនវេណេស៊ុអេឡា) ឱ្យយល់ថា ពួកគេអាចធ្វើកិច្ចការដើម្បីទទួលបានលទ្ធផលដ៏ប្រសើរ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលម៉ិចស៊ីកូ និងកូឡុំប៊ី បានច្រានចោលការចោទប្រកាន់ទាំងអស់ ដោយអះអាងទៀតថា ខ្លួនមិនដែលបាន ឬក៏មានបំណងលូកដៃចូលកិច្ចការផ្ទៃក្នុង របស់វេណេស៊ុយអេឡានោះទេ៕