(វ៉ាស៊ីនតោន)៖ សកម្មភាពមិនប្រក្រតីរបស់ នាវាមុជទឹកកូរ៉េខាងជើងមួយគ្រឿង នៅក្នុងសមុទ្រជប៉ុន កាលពីសប្តាហ៍មុន បានបង្កឲ្យកងកម្លាំងយោធាសហរដ្ឋអាមេរិក បង្កើនការឃ្លាំមើលរបស់ខ្លួនយ៉ាងខ្លាំង ដើម្បីតាមដានលើនាវាទម្ងន់ ១,៨០០តោន មួយគ្រឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍ព័ត៌មានបរទេសជាច្រើន នាវាមុជទឹកប្រភេទ Romeo ដែលដំណើរការដោយប្រេងសាំងធម្មតានេះ បានបន្តធ្វើសកម្មភាពផ្សេងៗអស់រយៈពេលមួយសប្តាហ៍មកហើយ ខណៈសកម្មភាពទាំងឡាយសម្រាប់នាវាមុជទឹកប្រភេទនេះ នៅក្នុងតំបន់សមុទ្រជប៉ុន ជាទូទៅគឺមានរយៈពេលយ៉ាងច្រើនតែបួនថ្ងៃប៉ុណ្ណោះ។ យ៉ាងណាមិញ កូរ៉េខាងត្បូង មិនបានបញ្ជាក់អំពីសកម្មភាពយោធាណាមួយ ដែលបង្កឡើងដោយនាវាមុជទឹកនេះនោះទេ។
កាលពីសប្តាហ៍មុន ស្ថានីយទូរទស្សន៍ CNN ដែលទទួលបានប្រភពពីមន្រ្តីយោធាអាមេរិក មិនបញ្ចេញអត្តសញ្ញាណចំនួនពីររូប បានធ្វើសេចក្តីរាយការណ៍ថា នាវាមុជទឹកមួយគ្រឿងរបស់ទីក្រុងព្យុងយ៉ាង បានបង្ហាញសកម្មភាពប្លែកខុសពីធម្មតា ហើយតាមរយៈរូបភាពបានពីការឈ្លបការណ៍ គេអាចកំណត់បានថា នាវាមួយគ្រឿងនោះបានធ្វើដំណើរ ចូលទៅកាន់ដែនទឹកអន្តរជាតិឆ្ងាយជាងពេលរាល់ដង។
ដោយឡែកបើតាមក្រុមអង្កេតការលើប្រទេសកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅអាមេរិក 38 North វាអាចមានមូលហេតុបកស្រាយមួយចំនួន ហើយអ្វីដែលទំនងជាងគេនោះ គឺការរៀបចំសម្រាប់ការធ្វើតេស្តសាកល្បង មីស៊ីលផ្លោងប្រភេទ SLBM (បាញ់ចេញពីនាវាមុជទឹក) ធុន Pukguksing-1 ឬហៅថា KN-11 ដែលត្រូវបានបង្កើនសមត្ថភាព ឬមួយក៏មីស៊ីល SLBM ប្រភេទថ្មីមួយផ្សេងទៀតតែម្តង។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងស្ថិតក្រោមភាពប្រុងប្រយ័ត្នខ្ពស់ អំពីសកម្មភាពមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង ចាប់តាំងតែពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង ដែលអាមេរិកបានទទួលស្គាល់ថាជា ប្រភេទឆ្លងទ្វីប ICBM កាលពីថ្ងៃទី០៤ ខែកក្កដា។ ម៉្យាងវិញទៀត មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថា បានបង្គាប់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួន ធ្វើតេស្តសាកល្បងបែបនេះ ឲ្យញឹកញាប់ថែមទៀត ដែលជាហេតុធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន មានការភ័យព្រួយបារម្ភថា សកម្មភាពរបស់នាវាមុជទឹកមួយគ្រឿងនេះ ប្រហែលជាការត្រៀមសម្រាប់ការធ្វើតេស្តមីស៊ីល SLBM៕