(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឱ្យដឹងថា ការស៊ើបអង្កេតរបស់ពួកគេជុំវិញហេតុការណ៍នាវាចម្បាំងអាមេរិក USS Fitzgerald បុកជាមួយនាវាដឹកទំនិញហ្វីលីពីន ជិតបញ្ចប់ទាំងស្រុងហើយ ដោយគ្មានកិច្ចសហការពីសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រុមហ៊ុន ដែលជាម្ចាស់នាវាផ្ទុកកុងតឺន័រ ACX Crystal បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការជួសជុលបានបញ្ចប់ នៅលើនាវា ACX Crystal នាវាចម្បាំង អាមេរិក USS Fitzgerald និងក្រុមនាវិកភាគច្រើន បានចាកចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បើទោះជាកាពីតែន និងសមាជិកនាវិកមួយចំនួន ស្ម័គ្រចិត្តស្ថិតនៅ ប្រទេសជប៉ុនដើម្បីទទួលការស៊ើបសួរក៏ដោយ»។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា នាវាពិឃាតអាមេរិក USS Fitzgerald ដឹកមនុស្ស ៣០០នាក់ បានបុកគ្នាពេញមួយទំហឹងជាមួយនាវាផ្ទុកទំនិញហ្វីលីពីនមួយគ្រឿង នៅឯតំបន់ដែនទឹកនៃឧបទី្វប Izu ស្ថិតខេត្ត Shizuoka ដោយបណ្ដាលឱ្យក្រុមនាវិកអាមេរិក ០៧នាក់បានស្លាប់។ ប៉ុន្តែមកទល់ពេលនេះ មូលហេតុនៃគ្រោះថ្នាក់ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ ចំណែកសហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមានសិទ្ធិស៊ើបអង្កេត និងមិនចែករំលែកព័ត៌មានជាមួយទីក្រុងតូក្យូ បើទោះជាវាកើតឡើងនៅក្នុងដែនទឹកជប៉ុនក៏ដោយ៕