(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បានអំពាវនាវឲ្យប្រទេសកូរ៉េខាងជើង ធ្វើការសម្រេចចិត្ត​ប្រកបដោយភាពប្រុងប្រយ័ត្ន ឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានកាលពីពេលថ្មីៗនេះថា ទីក្រុងព្យុងយ៉ាង​កំពុងតែរៀបចំគំរោងធ្វើតេស្តគ្រាប់មីស៊ីលបន្ថែមទៀត ដែលនឹងអាចកើតមានឡើងក្នុងសប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។

ការអំពាវនាវនៅថ្ងៃអង្គារនេះ បានកើតមានឡើងបន្ទាប់ពី​បណ្តាញព័ត៌មាន​ដ៏ល្បីរបស់អាមេរិក CNN បានចេញ​ផ្សាយថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងតែរៀបចំខ្លួន សម្រាប់ការធ្វើតេស្តគ្រាប់មីស៊ីល​ដ៏មានអានុភាព​របស់ខ្លួនបន្ថែមទៀត​នៅថ្ងៃទី២៧ ខែកក្កដា ក្នុងសប្តាហ៍នេះ ដើម្បីប្រារព្ធ​ខួបទី ៦៤ឆ្នាំ នៃការបញ្ចប់​សង្គ្រាម​កូរ៉េ​ទាំងពីរ​ឆ្នាំ១៩៥០-១៩៥៣។ ដូច្នេះក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បានអំពាវនាវ​ឲ្យកូរ៉េខាងជើង​គិតគូរឡើង​វិញឲ្យបានហ្មត់ចត់​បំផុតមុននឹងធ្វើតេស្តនោះ ហើយកូរ៉េខាងត្បូង​ក៏ត្រៀមខ្លួនធ្វើ​ការទប់ទល់ចំពោះការបង្កហេតុ​នោះឲ្យបានយ៉ាងតឹងរឹងបំផុតផងដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​ហាក់មិនទាន់មាន​ការឆ្លើយតប ដែលអាចទទួលយក​បានណាមួយ​ចំពោះ​ការស្នើពីសំណាក់ លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីឲ្យមាន​ការរៀបចំកិច្ចពិភាក្សា​យោធា​អន្តរកូរ៉េ​​ដើម្បីបន្ធូរបន្ថយភាពតាន​តឹង​នោះឡើយ បើទោះបីជា​ទីក្រុងសេអ៊ូល​ហាក់បង្ហាញចេតនា​រឹតតែទន់ភ្លន់ ដោយសារ​តែចង់ឲ្យ​មានការថមថយនូវកម្តៅ តាមព្រំដែនរវាងគ្នា​ក៏ដោយ។

គួររំលឹកឡើងវិញថា នៅសប្តាហ៍នេះទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការ​សាកល្បងបាញ់​គ្រាប់ពិត នៃប្រព័ន្ធខែល​ការពារ​​មីស៊ីល​កម្រិតខ្ពស់ THAAD ចេញពី​ទីតាំងបង្ហោះ​គ្រាប់រ៉ុក្កែត​នៅលើកោះ Kodiak នៃរដ្ឋ Alaska បន្ទាប់ពីទីភ្នាក់ងារ​ការពារមីស៊ីល​អាមេរិក (MDA) ទើបតែបាន​សម្រេចជោគជ័យ នៃការធ្វើ​តេស្តប្រព័ន្ធ THAAD កាលពីដើម​ខែកក្កដានេះ ដែលកាលនោះ​វាត្រូវបាន​ធ្វើឡើង ដើម្បីតេស្ត​សមត្ថភាព​​របស់ THAAD ក្នុងការបាញ់​ស្ទាក់មីស៊ីល​ផ្លោង IRBM។

ការធ្វើតេស្ត​សាកល្បងសាជាថ្មីម្តងទៀតនេះ មានគោលដៅ​ដើម្បីតេស្តសមត្ថភាព​របស់ប្រព័ន្ធ THAAD ក្នុងការបាញ់​កម្ទេចមីស៊ីល​ផ្លោង MRBM ដែលមានរយៈ​ចម្ងាយខ្លីជាង IRBM ហើយស្រដៀង​ទៅនឹងគ្រាប់មីស៊ីល Hwasong-14 ដែលកូរ៉េខាងជើង​ធ្វើតេស្តកាលពី​ខែមុន ហើយក៏ស្របពេលដែលមានលេចលឺព័ត៌មានថា កូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តគ្រាប់មីស៊ីល បន្ថែមទៀតនោះផងដែរ៕