(ប៉េកាំង)៖ ការរុករកឧស្ម័នរបស់ប្រទេសវៀតណាម ប្រតិបត្តិដោយក្រុមហ៊ុនអេស្ប៉ាញ Repsol បានបញ្ចប់សកម្មភាពហើយ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងគំរាមវាយកម្ទេចមូលដ្ឋានវៀតណាម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមសារព័ត៌មាន BBC ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧។
សារព័ត៌មាន BBC ផ្អែកលើប្រភពដែលខ្លួនទទួលបានបានបញ្ជាក់ថា ទីក្រុងប៉េកាំងបានគំរាមទីក្រុងហាណូយថា មូលដ្ឋានវៀតណាមនៅទីប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូងអាចនឹងក្លាយជា គោលដៅរបស់កងទ័ពរំដោះប្រជាជនចិន បើសិនជាមិនបញ្ឈប់សកម្មភាពខួងយកឧស្ម័ននៅតំបន់ជម្លោះទេនោះ។ ដោយឡែកសារព័ត៌មាន The Diplomat ក៏បានរាយការណ៍ដែរថា ក្រោយទទួលការព្រមានកាលពីថ្ងៃទី១៥ ខែកក្កដា វៀតណាមបានបង្គាប់ឱ្យក្រុមហ៊ុនអេស្ប៉ាញ Repsol ផ្អាកសកម្មភាពខួងយកឧស្ម័ននៅក្នុងប្លុក ១៣៦-០៣ នៃតំបន់សមុទ្រចិនខាងត្បូង។
ជាងនេះទៅទៀតបើតាម Diplomat ឧត្ដមសេនីយ៍យោធាចិន លោក Fan Changlong បានធ្វើដំណើរទៅកាន់ប្រទេសអាស្ប៉ាញ ដើម្បីនិយាយពីរឿងនេះជាមួយក្រុមហ៊ុន Repsol ហើយបន្ទាប់ពី ជំនួបនេះ លោក Fan បានបន្តដំណើរទៅកាន់ទីក្រុងហាណូយ ជាទីដែលលោកបានស្នើសុំឱ្យភាគីវៀតណាមបញ្ឈប់សកម្មភាពរុករកឧស្ម័ន។ ក៏ប៉ុន្តែ ដំបូងឡើយក្រុមមន្ត្រីវៀតណាមបានឆ្លើយតបថា វៀតណាមមានដែនអធិបតេយ្យភាព នៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខប្លុក ១៣៦-០៣។
គួរបញ្ជាក់ថា ក្រុមហ៊ុន Repsol បានវិនិយោគប្រាក់ជាង ៣០០លានដុល្លារ ជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីរុករកឧស្ម័ននៅតំបន់សមុទ្រចិនខាងត្បូង។ ក្រុមអ្នកជំនាញប៉ាន់ប្រមាណថា តំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលចិន និងប្រទេសជាភាគីជម្លោះមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ កំពុងដណ្ដើមគ្នាលើសិទ្ធិគ្រប់គ្រងតំបន់ដែលមានធនធានប្រេងចន្លោះពី ៥ ដល់២២ពាន់លានបារ៉ែល និងឧស្ម័នចន្លោះពី៧០ ដល់២៩០ ទ្រីលានម៉ែត្រគូប មិនទាន់បានរកឃើញនៅឡើយ៕